ប្រធានាធិបតីអ៉ីរ៉ង់ ប្រកាសផ្អាកការវាយប្រហារលើប្រទេសក្បែរខាង តែប្ដេជ្ញាមិនចុះចាញ់អាមេរិក និងអ៉ីស្រាអែល (Video inside)

07-03-2026 15:36

(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២៦ បាននិយាយថាក្រុមប្រឹក្សាដឹកនាំបណ្ដោះអាសន្នបានអនុម័តការផ្អាកការវាយប្រហារលើ បណ្ដាប្រទេសក្បែរខាង លុះត្រាតែការវាយប្រហារលើអ៉ីរ៉ង់ធ្វើឡើងចេញពីប្រទេសទាំងនោះ ជាមួយការសង្កត់ធ្ងន់ដែរថាអ៉ីរ៉ង់នឹងមិនសុំចុះចាញ់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកត់សម្គាល់របស់លោក Pezeshkian ធ្វើឡើងក្នុងសុន្ទរកថាតាមកញ្ចប់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់។ ប្រធានាធិបតីអ៉ីរ៉ង់បានលើកឡើងថា «សត្រូវរបស់អ៉ីរ៉ង់ត្រូវតែយកក្ដីសម្រៃរបស់ពួកគេដែលចង់ឱ្យប្រជាជនអ៉ីរ៉ង់​ ចុះចាញ់ដោយគ្មានលក្ខខណ្ឌទៅកាន់ផ្នូររបស់ពួកគេ»។ អំឡុងសុន្ទរកថានោះ លោក Pezeshkian ក៏បានសូមទោសផងដែរទៅកាន់បណ្ដាប្រទេសក្បែរខាងដែលរងការវាយប្រហាររបស់អ៉ីរ៉ង់ នៅទូទាំងតំបន់ ជាមួយការសង្កត់ធ្ងន់ថាពួកគេនឹងមិនត្រូវបានកំណត់ជាគោលដៅវាយប្រហារឡើយ លុះត្រាតែការវាយប្រហារលើអ៉ីរ៉ង់មានប្រភពចេញពីប្រទេសរបស់ពួកគេ។

«ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងតំណាងឱ្យប្រជាជនអ៉ីរ៉ង់ ខ្ញុំត្រូវតែសូមទោសទៅកាន់បណ្ដាប្រទេសក្បែរខាងដែលត្រូវបានអ៉ីរ៉ង់វាយប្រហារ»។ នេះជាការគូសបញ្ជាក់របស់លោក Pezeshkian ដោយបន្ថែមថា ក្រុមប្រឹក្សាដឹកនាំបណ្ដោះអាសន្នបានឯកភាពគ្នាកាលពីថ្ងៃសុក្រម្សិលមិញថានឹងមិនមានការវាយប្រហារបន្តទៅទៀតលើបណ្ដាប្រទេសក្បែរខាងនោះទេ ហើយក៏នឹងគ្មានមីស៊ីលត្រូវបានបាញ់ចេញដែរ លុះត្រាតែ ការវាយប្រហារលើអ៉ីរ៉ង់មានប្រភពចេញពីប្រទេសទាំងនោះ។

គួរបញ្ជាក់ថា នៅបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវវាយប្រហារកាលពីថ្ងៃទី២៨ ខែកុម្ភៈ លើអ៉ីរ៉ង់ដោយបានសម្លាប់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei រួមទាំង មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ជាច្រើននាក់ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានវាយប្រហារសងសឹកដោយបាញ់មីស៊ីល និងដ្រូនលើអ៉ីស្រាអែល និងយោធាអាមេរិក ព្រមទាំងពង្រីកដល់វាយប្រហារលើបណ្ដាប្រទេសអារ៉ាប់ ក្បែរខាងដែលមានមូលដ្ឋានទ័ពអាមេរិក។ លោក Pezeshkian គឺជាសមាជិកម្នាក់ក្នុងចំណោម៣នាក់នៃក្រុមប្រឹក្សាដឹកនាំបណ្ដោះអាសន្នដែលកំពុងដឹកនាំអ៉ីរ៉ង់ ក្រោយការធ្វើឃាត លោក Khamenei៕