លោក ពូទីន អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ចំពោះសង្រ្គាមអ៉ីរ៉ង់ (Video inside)

07-03-2026 20:08

(មូស្គូ)៖ យោងតាមវិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការសោកស្តាយទៅកាន់ប្រធានាធិបតីអ៉ីរ៉ង់ ជុំវិញការបាត់បង់អាយុជីវិតជនស៉ីវិលជាច្រើននាក់ ដែលបណ្តាលមកពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៉ីស្រាអែលលេីអ៉ីរ៉ង់ ហើយអំពាវនាវឱ្យបញ្ឈប់អរិភាពជាបន្ទាន់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ ២០២៦។

ក្នុងពេលជជែកតាមទូរស័ព្ទកាលពីថ្ងៃសុក្រ ជាមួយលោក Masoud Pezeshkian លោក ពូទីន បានចូលរួមរំលែកទុក្ខចំពោះមរណាភាពមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei សមាជិកគ្រួសាររបស់លោក Khamenei ថ្នាក់ដឹកនាំនយោបាយ និងយោធាអ៉ីរ៉ង់ និងជនស៊ីវិលជាច្រើន។

លោក ពូទីន បានអះអាងសារជាថ្មីនូវគោលជំហរជាគោលការណ៍របស់រុស្ស៉ី ចំពោះការបញ្ឈប់ជាបន្ទាន់នូវអរិភាព ការបដិសេធប្រេីកម្លាំងជាវិធីសាស្រ្តដើម្បីដោះស្រាយបញ្ហាជុំវិញអ៉ីរ៉ង់ ឬកើតឡើងនៅមជ្ឈិមបូព៌ា និងអំពាវនាវឱ្យវិលត្រឡប់ទៅរកដំណោះស្រាយការទូត។ លោក ពូទីន និយាយទៀតថា លោកបានទាក់ទងជាប្រចាំជាមួយមេដឹកនាំនៃរដ្ឋសមាជិកក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ។

ដោយឡែក លោក Pezeshkian បានសម្តែងការដឹងគុណចំពោះសាមគ្គីភាពរបស់រុស្ស៉ីជាមួយប្រជាជនអ៉ីរ៉ង់ ក្នុងពេលដែលពួកគេកំពុងការពារអធិបតេយ្យ និងឯករាជ្យនៃប្រទេស។ លោកក៏បានធ្វេីបច្ចុប្បន្នភាពលម្អិតទៅលើការវិវត្តន៍ចុងក្រោយនៃសង្រ្គាមប្រាប់ លោក ពូទីន ផងដែរ៕