អ៉ីស្រាអែល វាយប្រហារទីតាំងប្រេងរបស់អ៉ីរ៉ង់ជាលើកដំបូង
08-03-2026 09:38
(ហ៊្សេរុយសាឡិម)៖ កាលពីយប់ថ្ងៃសៅរ៍ ទី៧ ខែមីនា យន្តហោះចម្បាំងអ៉ីស្រាអែល បានវាយប្រហារលើទីតាំងស្តុកនិងចម្រាញ់ប្រេង នៅរដ្ឋធានីតេហេរ៉ង់នៃប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Anadolu។
ការវាយប្រហារខាងលើ គឺជាលើកដំបូងដែលអ៉ីស្រាអែល បានកំណត់គោលដៅចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពល គិតចាប់តាំងពីខ្លួនបានរួមដៃគ្នាជាមួយសហរដ្ឋអាមេរិក បើកការវាយប្រហារប្រឆាំងប្រទេសអ៉ីរ៉ង់ កាលពីមួយសប្តាហ៍មុន។ ក្នុងសេចក្តីថ្លែងការណ៍ យោធាអ៉ីស្រាអែល បានប្រកាសថា ខ្លួនបានចាប់ផ្តើមការវាយប្រហារជុំថ្មី ដែលកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៉ីរ៉ង់ នៅទីក្រុងតេហេរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល KAN បានរាយការណ៍ថា កងទ័ពអាកាសអ៉ីស្រាអែល បានដាក់គោលដៅលើដេប៉ូស្តុកប្រេងនិងរោងចក្រចម្រាញ់ប្រេង នៅតេហេរ៉ង់។
ទន្ទឹមគ្នានោះ ទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ Mehr បានរាយការណ៍ពីហេតុការណ៍ផ្ទុះនៅពាសពេញទីក្រុងតេហេរ៉ង់ ក្រោយការវាយប្រហាររបស់អ៉ីស្រាអែល។ ជាការឆ្លើយតប កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បានអះអាងថា ពួកគេបានបាញ់មីស៉ីលសងសឹកវិញទៅលើរោងចក្រចម្រាញ់ប្រេង Haifa របស់អ៉ីស្រាអែល។
គួរបញ្ជាក់ថា សង្រ្គាមនៅមជ្ឈិមបូព៌ាបានឆាបឆេះឡើង ចាប់តាំងពីអ៉ីស្រាអែលនិងអាមេរិក បានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយគិតមកទល់ពេលនេះ បានសម្លាប់មនុស្សលើស១០០០នាក់ហើយ។ អ៉ីរ៉ង់បានសងសឹក ដោយបាញ់មីស៉ីលនិងដ្រូនទៅលើគោលដៅអាមេរិកនិងអ៉ីស្រាអែល នៅទូទាំងតំបន់៕








