ប្រមុខការទូតចិន ថាសង្រ្គាមនៅមជ្ឈិមបូព៌ាមិនគួរកើតឡើង បន្តអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ (Video inside)

08-03-2026 13:51

(ប៉េកាំង)៖ នាថ្ងៃអាទិត្យនេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសចិន លោក Wang Yi បានលើកឡើងថា សង្រ្គាមដែលកំពុងឆាបឆេះនៅតំបន់មជ្ឈិមបូព៌ា មិនគួរកើតឡើងទាល់តែសោះ ហើយលោកបន្តអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦។

អំឡុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង លោក Wang បាននិយាយយ៉ាងដូច្នេះថា «នេះគឺជាសង្រ្គាមដែលមិនគួរកើតមាន​ទាល់តែសោះ។ អ្នកដែលមានអំណាចខ្លាំង មិនមែនបានន័យថា ជាអ្នកមានហេតុផលត្រឹមត្រូវទេ។ ពិភពលោកមិនអាចវិលត្រឡប់ទៅ​រកច្បាប់ព្រៃឡើយ»

លោកប្រមុខការទូតចិន បានអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់នៅមជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់ការកើនឡើងជម្លោះកាន់តែខ្លាំង និងបញ្ចៀសការរីករាលដាលជម្លោះ។ លោក Wang បានសង្កត់ធ្ងន់ថា សង្រ្គាមនេះមិនផ្តល់ផលចំណេញដល់នរណាម្នាក់ឡើយ ហើយការប្រើកម្លាំងមិនមែនជាមធ្យោបាយ ដើម្បីដោះស្រាយបញ្ហាទេ ខណៈការជ្រើសរើសប្រើប្រាស់សព្វាវុធ គឺមានតែបង្កើតភាពស្អប់គុំគួនគ្នាថ្មីប៉ុណ្ណោះ។

គួរបញ្ជាក់ថា សង្រ្គាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង កាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសអ៉ីរ៉ង់ ហើយអ៉ីរ៉ង់បានសងសឹកវិញ ដោយវាយប្រហារលើគោលដៅអាមេរិក និងអ៉ីស្រាអែល នៅទូទាំងតំបន់៕