ប្រធានាធិបតីអាមេរិកព្រមានថា បើអ៉ីរ៉ង់នៅតែមិនព្រមចុះចាញ់ នោះមេដឹកនាំទាំងអស់អាចនឹងស្លាប់ ហើយយោធានឹងខ្ទេចខ្ទីគ្មានសល់ (Video inside)
08-03-2026 14:49
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកមិនមានចំណាប់អារម្មណ៍ចរចាជាមួយអ៉ីរ៉ង់ទេ ហើយបានលើកឡើងពីលទ្ធភាពថា សង្រ្គាមអ៉ីរ៉ង់អាចនឹងបញ្ចប់ លុះត្រាតែនៅពេលទីក្រុងតេហរ៉ង់ លែងមានយោធាប្រយុទ្ធតដៃ ឬលែងនៅសេសសល់មេដឹកនាំណាម្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One នាថ្ងៃសៅរ៍ លោក ត្រាំ បានលើកឡើងថា ប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស ដែលកំពុងបន្តយ៉ាងក្តៅគគុក អាចនឹងធ្វើឱ្យការចរចាលែងជារឿងចាំបាច់ ប្រសិនបើបេក្ខភាពមេដឹកនាំអ៉ីរ៉ង់ទាំងអស់ត្រូវបានសម្លាប់ ហើយយោធាអ៉ីរ៉ង់ត្រូវបានកម្ទេចចោល។ លោក ត្រាំ បានបន្ថែមថា បើសង្រ្គាមនៅតែបន្តបែបនេះ លោកមិនយល់ថា អ៉ីរ៉ង់នឹងនៅសល់អ្នកដែលអាចនិយាយពាក្យសុំចុះចាញ់ឡើយ។
គួរបញ្ជាក់ថា សង្រ្គាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង កាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសអ៉ីរ៉ង់ ហើយអ៉ីរ៉ង់បានសងសឹកវិញ ដោយវាយប្រហារលើគោលដៅអាមេរិកនិងអ៉ីស្រាអែល នៅទូទាំងតំបន់។ នាថ្ងៃអាទិត្យនេះ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានប្រកាសថា ប្រទេសអ៉ីរ៉ង់អាចធ្វើសង្រ្គាមជាមួយអាមេរិកនិងអ៉ីស្រាអែល ក្នុងកម្រិតតានតឹងដូចសព្វថ្ងៃ បានរយៈពេលយ៉ាងហោច៦ខែ៕





