បទវិភាគ៖ ផ្តោតសំខាន់លើមហាសន្និបាតនៃសភាទាំងពីររបស់ចិន៖ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន នាំមកនូវកាលានុវត្តភាពថ្មីសម្រាប់ពិភពលោក

08-03-2026 15:36

(ប៉េកាំង)៖ ក្នុងនាមជាបង្អួចដ៏សំខាន់សម្រាប់ឱ្យមជ្ឈដ្ឋានខាងក្រៅ សង្កេតមើលការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសចិន មហាសន្និបាតនៃសភាទាំងពីររបស់ចិនដែលមួយឆ្នាំបើកម្តងបានទាក់ទាញក្រសែភ្នែករបស់ពិភពលោក ។ នៅថ្ងៃទី ៥ ខែមីនា រដ្ឋាភិបាលចិនបានដាក់ជូនមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន នូវរបាយការណ៍ការងាររដ្ឋាភិបាល ប្រចាំឆ្នាំ២០២៦ ។

ក្នុងនោះ របាយការណ៍នេះបានកំណត់គោលដៅតាមការព្យាករណ៍នៃកំណើន GDP ក្នុងអំឡុងឆ្នាំចាប់ផ្តើមសម្រាប់ ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ គឺពី៤,៥%ដល់៥% ជាមួយគ្នានេះដែរ ក៏បានសង្កត់ធ្ងន់ថា នឹងខិតខំប្រឹងប្រែង សម្រេចឱ្យបានកំណើនកាន់តែលឿនក្នុងការងារជាក់ស្តែង ។ "ក្រសែចក្ខុរបស់ពិភពលោកទាំងមូលផ្តោតសំខាន់ លើផែនទីចង្អុលបង្ហាញមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន" "ប្រការនេះបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសចិនក្នុងអំឡុងពេលបម្រែបម្រួលនិម្មាបនកម្មអន្តរជាតិយ៉ាងជ្រាលជ្រៅ "។ល។ មជ្ឈដ្ឋានមតិសាធារណៈពិភពលោកបានវាយតម្លៃព្រមៗគ្នា ។

ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនសម្គាល់ឃើញថា ដោយសារឆ្នាំនេះជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ ឆ្នាំទី១៥ របស់ចិន បានជាគោលដៅកំណើន៤.៥%-៥% នេះមានន័យថា គំនិតអភិវឌ្ឍន៍របស់ប្រទេសចិនកំពុងប្រែក្លាយពី "ការតម្កល់ទុកតួលេខជាអាទិភាព" ទៅជា "ការតម្កល់ទុកគុណភាពជាអាទិភាព" ថែមមួយកម្រិតទៀត ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ បានក្លាយជាប្រធានបទដ៏លេចធ្លោ ក្នុងអំឡុងអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ។ របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំនេះ បានអធិប្បាយពីភារកិច្ចយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់ការអភិវឌ្ឍក្នុងអំឡុងអនុវត្តផែនការ អភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ដែលផ្តោតសំខាន់លើការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

"ការផ្តោតលើការកសាងទីផ្សារក្នុងស្រុកដ៏ខ្លាំងក្លា" គឺជាភារកិច្ចអទិភាពចម្បងរបស់រដ្ឋាភិបាលចិននៅឆ្នាំនេះ ហើយការបង្ហាញដ៏សំខាន់នៃកំណើន និងការលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់នៃសេដ្ឋកិច្ច គឺការធ្វើបរិវត្តកម្មទៅរកការជំរុញ តាមរយៈការប្រើប្រាស់ ។ របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំនេះ បានលើកឡើងនូវវិធានការមួយចំនួន មានដូចជាដាក់ចេញនិងអនុវត្តផែនការ ស្តីពីការបង្កើនប្រាក់ចំណូល របស់ប្រជាជនទីក្រុងនិងជនបទ ការជំរុញការពង្រីកនិងលើក កម្ពស់លំដាប់ថ្នាក់នៃការប្រើប្រាស់ទំនិញ ការអនុវត្តសកម្មភាពលើកកម្ពស់គុណភាព និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន នៃការប្រើប្រាស់ខាងសេវាកម្ម និងបង្កើតម៉ាកយីហោ "ទិញទំនិញនៅប្រទេសចិន” ជាដើម។ វិធានការទាំងនេះ នឹងត្រួសត្រាយលំហកិច្ចសហប្រតិបតិ្តការបន្ថែមទៀត សម្រាប់ឱ្យពិភពលោកចែករំលែកកាលានុវត្តភាព ទីផ្សារដ៏ធំធេងរបស់ប្រទេសចិន។

ការច្នៃប្រឌិតថ្មីគឺជាកម្លាំងចលករដ៏សំខាន់បំផុតសម្រាប់ការតម្រង់ទិសដៅអភិវឌ្ឍន៍ ។ លោកស្រីKirsty Coventryប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានកោតសរសើរថា បច្ចេកទេសបញ្ញាសិប្បនិមិ្មតរបស់ប្រទេសចិន បានធ្វើឱ្យការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងមីឡាន ក្លាយជាការប្រកួតកីឡាអូឡាំពិកមួយលើក ដែលមានភាពវៃឆ្លាតខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិន នាពេលកន្លងមកនេះ លោក Friedrich Merz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានទៅទស្សនាក្រុមហ៊ុន Yushu Science And Technology ដែលជាសហគ្រាសផលិត មនុស្សយន្តនៅក្រុង Hangzhouដើម្បីទទួលអារម្មណ៍ពីភាពរស់រវើក ក្នុងការអភិវឌ្ឍកម្លាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីរបស់ចិន ។ល។ របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំនេះបានលើកឡើងថា ត្រូវ "ពន្លឿនការពូនជ្រំ និងពង្រឹងកម្លាំងចលករថ្មី" និង"ពន្លឿនការសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ដោយឯករាជ្យម្ចាស់ការ "ដែលសម្របទៅតាមនិន្នាការទូទៅ នៃការអភិវឌ្ឍបច្ចេកវិទ្យា។

ព្រមពេលជាមួយគ្នានេះ និន្នាការនាំមុខគេរបស់ប្រទេសចិន ក្នុងការជំរុញការបើកទូលាយមានភាពកាន់តែលេចធ្លោ ។ របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំនេះ បានលើកឡើងពីវិធានការមួយចំនួន មានដូចជាចាត់ទុកឧស្សាហកម្មសេវាកម្ម ជាចំណុចសំខាន់សម្រាប់ពង្រីកការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារចិន និងពង្រីកវិសាលភាពបើកទូលាយ ពង្រីកការវិនិយោគនិងកិច្ចសហប្រតិបតិ្តការទៅវិញទៅមក ជំរុញការលំនឹងទ្រង់ទ្រាយនិងធ្វើឱ្យមានសុក្រឹតភាព នូវរចនាសម្ព័ន្ធនៃពាណិជ្ជកម្មជាមួយបរទេស និងរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការពង្រីកការបើកទូលាយផ្នែកប្រព័ន្ធរបបជាលំដាប់ និងពង្រីកដំណើរវិលជុំអន្តរជាតិ។

សូមបញ្ជាក់ថា ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ បានបញ្ចប់យ៉ាងគាប់ប្រសើរ ហើយការធ្វើទំនើបកម្ម តាមបែបផែនចិនបានបោះជំហានយ៉ាងមុតមាំដែលបានក្លាយជា "យុថ្កាលំនឹងស្ថិរភាព" សម្រាប់សេដ្ឋកិច្ចពិភពលោក ។ ចំណែកផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ នឹងចារទំព័រថ្មី ហើយប្រទេសចិនបានព្យាយាមបោះជំហានទៅមុខ ដែលនឹងនាំមកនូវភាពរស់រវើកយ៉ាងផុលផុស និងកាលានុវត្តភាពថ្មីដល់ពិភពលោកផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន