ផ្សែងខ្មៅគ្របដណ្តប់ពេញទីក្រុងតេហេរ៉ង់ ក្រោយអាមេរិក-អ៉ីស្រាអែល បើកការវាយប្រហារលើឃ្លាំងស្តុកប្រេង
08-03-2026 21:17
(តេហេរ៉ង់)៖ ទីក្រុងតេហេរ៉ង់ បានធ្លាក់ក្នុងភាពអួរអាប់ដោយសារផ្សែងខ្មៅខ្មួលខ្មាញ់ និងអណ្តាតភ្លើងដ៏ធំ បន្ទាប់ពីការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានចំគោលដៅឃ្លាំងស្តុកប្រេងជាច្រើនកន្លែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រុមហ៊ុនចែកចាយប្រេងរបស់អ៉ីរ៉ង់ បានបញ្ជាក់ថា បុគ្គលិកចំនួន ៤នាក់បានស្លាប់ ក្នុងចំណោមហេតុការណ៍វាយប្រហារកាលពីថ្ងៃសៅរ៍ ដែលបានកំណត់គោលដៅលើឃ្លាំងស្តុកប្រេងចំនួន ៤កន្លែង និងមជ្ឈមណ្ឌលដឹកជញ្ជូនប្រេងមួយកន្លែង ស្ថិតក្នុងរដ្ឋធានីតេហេរ៉ង់ និងខេត្ត Alborz។ ទីតាំងដែលរងការវាយប្រហាររួមមាន៖ ឃ្លាំងប្រេង Aghdasieh, រោងចក្រចម្រាញ់ប្រេងតេហេរ៉ង់, ឃ្លាំងប្រេង Shahran និងឃ្លាំងប្រេងក្នុងទីក្រុង Karaj ដែលមានសាក្សីអះអាងថា ប្រេងបានហូរលេចធ្លាយពេញដងផ្លូវជិតខាងទៀតផង។
យោធាអ៉ីស្រាអែល បានបញ្ជាក់ថា ខ្លួនបានវាយប្រហារចំ «ឃ្លាំងស្តុកប្រេងមួយចំនួន» ដែលត្រូវបានប្រើប្រាស់ដើម្បី «ដំណើរការហេដ្ឋារចនាសម្ព័ន្ធយោធា»។ ភ្លាមៗក្រោយការវាយប្រហារនេះ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសយ៉ាងដាច់អហង្ការថា រដ្ឋាភិបាលរបស់លោកនឹងបន្តវាយលុកមិនប្រណីដៃ ដោយបញ្ជាក់ថា «យើងមានផែនការរៀបចំទុកជាមុន ជាមួយនឹងការភ្ញាក់ផ្អើលជាច្រើនទៀត ដើម្បីធ្វើឱ្យរបបនេះអស្ថិរភាព... យើងនៅមានគោលដៅជាច្រើនទៀតដែលត្រូវវាយប្រហារ»។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៩ថ្ងៃនៃប្រតិបត្តិការយោធារួមគ្នា រវាងអាមេរិកនិងអ៉ីស្រាអែល បានសម្លាប់មនុស្សជាង ១,៣០០នាក់នៅអ៉ីរ៉ង់ និងប្រមាណ ៣០០នាក់នៅលីបង់ ខណៈនៅអ៉ីស្រាអែលមានអ្នកស្លាប់ប្រមាណ១២នាក់៕







