លោក Mojtaba Khamenei មេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ជានរណា? (Video insend)
09-03-2026 09:05
(ឌូបៃ)៖ អ៉ីរ៉ង់ នៅថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ បានតែងតាំងលោក Mojtaba Khamenei ឱ្យឡើងកាន់តំណែងជាមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ ជំនួសឪពុករបស់លោក គឺលោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើទីក្រុងតេហេរ៉ង់ កាលពីសប្ដាហ៍មុន។
តាមរយៈការតែងតាំងនេះ បានធ្វើឱ្យលោក Mojtaba ឬមានឈ្មោះពេញថា Ayatollah Seyyed Mojtaba Hosseini Khamenei ក្លាយជាមេដឹកនាំកំពូលទី៣ ចាប់តាំងពីសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ត្រូវបានបង្កើតឡើង។ លោក Mojtaba មានអាយុ៥៦ឆ្នាំ គឺជាកូនប្រុសទី២ របស់លោក Ayatollah Ali Khamenei។ លោកកើត នៅឆ្នាំ១៩៦៩ ក្នុងទីក្រុង Mashhad ជាមូលដ្ឋានសាសនាដ៏សំខាន់មួយក្នុងប្រទេសអ៉ីរ៉ង់ ពោលគឺមួយទសវត្សរ៍មុននឹងសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ត្រូវបានបង្កើតឡើងនៅ ឆ្នាំ១៩៧៩។
លោក Mojtaba បានធំដឹងក្ដីក្នុងគ្រាដែលអ៉ីរ៉ង់ឆ្លងកាត់ការផ្លាស់ប្ដូរនយោបាយដ៏ធំមួយ ខណៈឪពុករបស់លោកបានលេចមុខឡើងជាមេដឹកនាំសាសនាដ៏មានឥទ្ធិពលម្នាក់ ប្រឆាំងនឹងអតីតព្រះមហាក្សត្រអ៉ីរ៉ង់ Mohammed Reza Pahlavi។ លោក Mojtaba បានចូលរៀននៅវិទ្យាល័យ Alavi ក្នុងទីក្រុងតេហេរ៉ង់ ជាសាលាមួយដែលអប់រំ កូនៗរបស់ក្រុមមន្ត្រីអ៉ីរ៉ង់។ លោក Mojtaba បានចូលរួមក្នុងជួរកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់នៅឆ្នាំ១៩៨៧ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។ លោកបានចូលរួមក្នុង កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់អំឡុងសង្រ្គាមជាមួយអ៉ីរ៉ាក់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៨ និងត្រូវបានគេដឹងថាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយឆ្មាំបដិវត្តន៍អ៉ីរ៉ង់។
នៅឆ្នាំ១៩៨៩ ទើបឪពុករបស់លោកបានក្លាយជាមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ ជំនួសលោក Ayatollah Ruhollah Khomeini ដែលបានទទួលមរណភាព។ លោក Mojtaba Khamenei ក៏ត្រូវបានបញ្ជូនឱ្យទៅសិក្សានៅសាលាសាសនាមួយក្នុងទីក្រុង Qom ផងដែរ ជាទីដែលលោកបានកងសាងទំនាក់ទំនងយ៉ាងរឹងមាំជាមួយ មេដឹកនាំសាសនា និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងក្រសែភ្នែករបស់ពួកគេ ម្យ៉ាងដោយសារតែរូបលោកជាកូនប្រុសរបស់មេដឹកនាំកំពូល។
លោក Mojtaba បានរៀបការជាមួយស្ត្រីម្នាក់ឈ្មោះ Zahra Haddad Adel ជាកូនស្រីរបស់អ្នកនយោបាយអ៉ីរ៉ង់អភិរក្សនិយមម្នាក់ គឺលោក Gholam Ali Haddad Adel។ អាពាហ៍ពិពាហ៍នេះហើយដែលធ្វើឱ្យរូបលោកកាន់តែមានទំនាក់ទំនងល្អជាមួយក្រុមអ្នកនយោបាយអភិរក្សនិយមនៅក្នុងប្រទេស។ បើទោះជាមានឥទ្ធិពលក៏ដោយ លោក Mojtaba បានធ្វើការភាគច្រើននៅក្រោមស្រមោលរបស់ឪពុក ដោយដឹកនាំការិយាល័យរបស់មេដឹកនាំកំពូលនៅពីក្រោយឆាក។ មានម្ដងម្កាល លោកបានបង្ហាញមុខ នៅលើក្របទំព័រមុខនៃសារព័ត៌មានអ៉ីរ៉ង់ ក្នុងពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។
ក្នុងឆ្នាំ២០០៥ បន្ទាប់ពីបេក្ខជនអភិរក្សនិយម លោក Mahmoud Ahmadinejad ជាប់ឆ្នោតជាប្រធានាធិបតីអ៉ីរ៉ង់ ក្រុមអ្នកកំណែទម្រង់និយមបានចោទប្រកាន់លោក Mojtaba Khamenei ថាបានរួមដៃគ្នាជាមួយថ្នាក់ដឹកនាំសាសនា និងកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ដើម្បីជួយឱ្យលោក Ahmadinejad ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត។ រហូតដល់ឆ្នាំ២០២៤ សភានៃក្រុមអ្នកជំនាញបានជួបប្រជុំគ្នាអំពីផែនការស្វែងរកអ្នកបន្តវេនជាមេដឹកនាំកំពូល។ តែនៅពេលនោះ លោក Ali Khamenei បាននិយាយថាកូនប្រុសរបស់លោកគួរតែត្រូវបានដកចេញពីការពិចារណា។
នៅអ៉ីរ៉ង់ ការផ្ទេរតំណែងពីឪពុកទៅកូនមិនមែនជារឿងត្រូវបាន លើកទឹកចិត្តឡើយ ពីព្រោះការធ្វើបែបនេះមិនខុសអ្វីពីរបបរាជានិយមនោះទេ។ ដូច្នេះការតែងតាំងលោក Mojtaba គឺជាការផ្លាស់ប្ដូរមួយនៅក្នុងនយោបាយអ៉ីរ៉ង់ រីឯក្រុមអ្នកជំនាញវិញយល់ថានេះជាការបញ្ជូនសារមួយទៅកាន់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលថាអ្នកនយោបាយប្រកាន់តឹងមានទំនាក់ទំនងជាមួយឆ្មាំបដិវត្តន៍អ៉ីរ៉ង់ នៅតែបន្តក្ដាប់អំណាចនៅអ៉ីរ៉ង់។
គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលអ៉ីរ៉ង់ ភរិយា និងកូនប្រុសម្នាក់ រួមជាមួយម្ដាយ និងឪពុករបស់លោក Mojtaba ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ សហរដ្ឋអាមេរិក និងអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន៕








