ប្រធានាធិបតីអាមេរិក ថាការកើនឡើងតម្លៃប្រេងគឺជាការលះបង់តូចមួយ ដើម្បីសុវត្ថិភាពនិងសន្តិភាពពិភពលោក (Video insend)

09-03-2026 13:09

(វ៉ាស៉ីនតោន)៖ ស្របពេលតម្លៃប្រេងឆៅបានកើនឡើងខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល៤ឆ្នាំ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា វាគឺជាការលះបង់តូចមួយប៉ុណ្ណោះ ដើម្បីកម្ចាត់ការគំរាមកំហែងរបស់អ៉ីរ៉ង់ ហើយនាំមកនូវសុវត្ថិភាព និងសន្តិភាពសម្រាប់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦។

នាយប់ថ្ងៃអាទិត្យ ទី៨ ខែមីនា លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social យ៉ាងដូច្នេះថា «តម្លៃប្រេងរយៈពេលខ្លី ដែលនឹងធ្លាក់ចុះមកវិញយ៉ាងឆាប់រហ័ស នៅពេលការគំរាមកំហែងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ត្រូវបានកម្ចាត់ចោល គឺជាតម្លៃត៏តូចមួយដែលត្រូវលះបង់ សម្រាប់សហរដ្ឋអាមេរិក ក៏ដូចជាពិភពលោក រួមទាំងសុវត្ថិភាព និងសន្តិភាព»។ លោកប្រធានាធិបតីអាមេរិក បានបន្ថែមថា «មានតែជនឆោតល្ងង់ប៉ុណ្ណោះ ដែលនឹងយល់ផ្ទុយពីនេះ»

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ តម្លៃប្រេងឆៅក្នុងទីផ្សារសកលបានកើនប្រមាណជា៣០ភាគរយ ដោយឡើងដល់ជិត១២០ដុល្លារ ក្នុងមួយបារ៉ែលហើយ ដោយសារតែសង្រ្គាមនៅមជ្ឈិមបូព៌ា។ ចរាចរណ៍ផ្លូវទឹកនៅច្រកសមុទ្រ Hormuz ជាទីដែល២០ភាគរយ​នៃប្រេងឆៅនិងឧស្ម័នពិភពលោកធ្វើដំណើរឆ្លងកាត់ បានជាប់គាំងចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ទោះបែបនេះក៏ដោយ កាលពីថ្ងៃអាទិត្យ រដ្ឋមន្រ្តីថាមពលអាមេរិក លោក Christ Wright បានអះអាងថា ផលប៉ះពាល់ចំពោះតម្លៃប្រេង នឹងមានរយៈពេលខ្លីប៉ុណ្ណោះ គឺត្រឹមប៉ុន្មានសប្តាហ៍ មិនដល់រាប់ខែឡើយ៕