លុយដុល្លារអាមេរិកចាប់ផ្តើមឡើងថ្លៃ បន្ទាប់ពីសង្រ្គាមនៅមជ្ឈិមបូព៌ា ជំរុញតម្លៃប្រេងក្បែរ១២០ដុល្លារក្នុងមួយបារ៉ែល (Video inside)
09-03-2026 16:13
(បរទេស)៖ អត្រាលុយដុល្លារអាមេរិកបានហក់ឡើង នាថ្ងៃចន្ទ ទី៩ ខែមីនា ខណៈដែលតម្លៃប្រេងកើនឡើង ជំរុញឱ្យអ្នកវិនិយោគប្តូរប្រាក់សម្រាប់បម្រុងទុក ដោយក្តីបារម្ភថាសង្រ្គាមអូសបន្លាយនៅមជ្ឈិមបូព៌ា អាចរំខានធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ថាមពល និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លុយដុល្លារបានត្រលប់មកក្នុងអត្រាខ្ពស់វិញ សម្រាប់ការជួញដូរនៅទីផ្សារអាស៉ី នារសៀលថ្ងៃនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍របស់កាសែត Financial Times ថារដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេស G7 នឹងពិភាក្សាគ្នា អំពីការបញ្ចេញប្រេងបម្រុងគ្រាអាសន្ន ក្រោមការសម្របសម្រួលដោយទីភ្នាក់ងារថាមពលអន្តរជាតិ។ ការណ៍នេះនឹងធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីបានឡើងដល់ក្បែរ ១២០ដុល្លារក្នុងមួយបារ៉ែល។
លុយអឺរ៉ូដែលថ្លៃជាងលុយដុល្លារអាមេរិក ឥឡូវនេះបានធ្លាក់ចុះ ០.៦ភាគរយ។ ១អឺរ៉ូ ប្តូរបានតែជាង ១.១៥ដុល្លារ ខណៈដែលលុយអង់គ្លេស ១sterling ប្តូរបានតែជាង ១.៣៣ដុល្លារ។ បើប្រៀបធៀបនឹងលុយស្វីស លុយដុល្លារក៏បានឡើងថ្លៃផងដែរ ដោយ ១ហ្វ្រង់ស្វីស ប្តូរបាន ១.២៨ដុល្លារ ដែលកើនឡើង ៧សេន។ រីឯលុយដុល្លារអូស្រ្តាលី និងនូវែលសេឡង់ បានចុះថោកជាងមុន ធៀបនឹងលុយដុល្លារអាមេរិក។
ក្រុមអ្នកវិភាគនិយាយថា អាស៉ីអាចប្រឈមនឹងតម្លៃថាមពលខ្ពស់ ដោយសារតែតំបន់នេះពឹងផ្អែកខ្លាំងលើប្រេង និងឧស្ម័នពីមជ្ឈិមបូព៌ា។ បើប្រៀបធៀបនឹងលុយយ៉េនជប៉ុន ដែលចុះថោកស្រាប់ទៅហើយនោះ លុយដុល្លារបានកើនឡើង ០.៤ភាគរយ ហើយវាបានកើនឡើង ០.២៦ភាគរយ ធៀបនឹងលុយវ៉ុនកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា សង្រ្គាមអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់ នាំឱ្យមានការផ្អាកប្រហែល ១ភាគ ៥នៃការផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នធម្មជាតិសកល ខណៈដែលទីក្រុងតេហេរ៉ង់កំណត់គោលដៅលើនាវានៅឯច្រកសមុទ្រ Hormuz ដែលជាផ្លូវដ៏សំខាន់រវាងរបស់ខ្លួនជាមួយប្រទេសអូម៉ង់ រួមទាំងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងតំបន់។ តម្លៃថាមពលខ្ពស់នឹងនាំមកនូវបញ្ហាដូចពន្ធខ្ពស់ដែរ ហើយក៏អាចបង្កជាអតិផរណា ពីព្រោះវាធ្វើឱ្យអ្នកវិនិយោគព្រួយបារម្ភថា ធនាគារកណ្តាលនឹងស្ទាក់ស្ទើរក្នុងការកាត់បន្ថយអត្រាការប្រាក់៕







