រដ្ឋមន្ត្រីការបរទេសចិន អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ឈូងសមុទ្រ (Video inside)
09-03-2026 22:32
(ប៉េកាំង)៖ នាថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានអំពាវនាវឱ្យមានការសម្រេចបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ឈូងសមុទ្រ ដោយសង្កត់ធ្ងន់ថា អធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីនៃបណ្តាប្រទេ
សក្នុងតំបន់ ត្រូវតែទទួលបានការគោរពយ៉ាងពេញលេញ។ នេះបើតាមការចេញផ្សាយដោយ ក្រសួងការបរទេសចិន។
លោក វ៉ាង យី បានលើកឡើងបែបនេះនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសគុយវ៉ែត ស្របពេលដែលអ៉ីរ៉ង់កំពុងបើកការវាយប្រហារតបតវិញជុំវិញតំបន់ឈូងសមុទ្រ ទៅនឹងយុទ្ធនាការទម្លាក់គ្រាប់បែករបស់អាមេរិក-អ៉ីស្រាអែល។ នៅក្នុងកិច្ចសន្ទនាដាច់ដោយឡែកមួយទៀតជាមួយរដ្ឋមន្ត្រីការបរទេសបារ៉ែន លោក វ៉ាង យី ក៏បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកំពុងកើនឡើងកម្តៅយ៉ាងឆាប់រហ័សនេះ ដោយលោកបញ្ជាក់ថា ប្រទេសចិននឹងចូលរួមដើរតួនាទីយ៉ាងសកម្ម ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
គួរបញ្ជាក់ថា ការអំពាវនាវរបស់ចិននេះ ធ្វើឡើងក្នុងគ្រាដែលជម្លោះរវាងអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់ បានអូសបន្លាយចូលដល់ថ្ងៃទី១០ ដែលបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខថាមពល និងស្ថិរភាពនយោបាយនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល៕




