ឥណ្ឌូណេស៉ី ឈានទៅរកកិច្ចព្រមព្រៀងជាមួយឥណ្ឌា លើការទិញប្រព័ន្ធមីស៉ីល BrahMos (Video inside)

10-03-2026 15:34

(ហ្សាការតា)៖ អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូណេស៉ី លោក Rico Ricardo Sirait បានប្រាប់ Reuters កាលពីថ្ងៃចន្ទ ទី៩ ខែមីនា ថាឥណ្ឌូណេស៉ីកំពុងឈានទៅរក​កិច្ច​ព្រមព្រៀងជាមួយឥណ្ឌា ក្នុងការទិញ​យក​ប្រព័ន្ធ​មីស៊ីល BrahMos។

នៅក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុន BrahMos ដែលជាសហកម្មសិទ្ធិរវាងរដ្ឋាភិបាលឥណ្ឌា និងរុស្ស៉ី បានប្រាប់ Reuters ថាខ្លួនកំពុងពិភាក្សាកម្រិតខ្ពស់ជាមួយទីក្រុងហ្សាការតា ពាក់ព័ន្ធកិច្ចព្រមព្រៀងដែលមានតម្លៃចាប់ពី ២០០លានដុល្លារទៅ ៣៥០លានដុល្លារ។

តាមការបញ្ជាក់របស់ លោក Rico កិច្ចព្រមព្រៀងនាពេលនេះ គឺជាផ្នែកមួយនៃផែនការធ្វើទំនើបកម្មសម្ភារយោធា និងសមត្ថភាពការពារជាតិ ពិសេសនៅក្នុងវិស័យដែនសមុទ្រ។ លទ្ធកម្មនេះ នឹងពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្ររបស់ឥណ្ឌូណេស៉ី និងឥណ្ឌាក្នុងវិស័យការពារជាតិ។

គួរបញ្ជាក់ថា BrahMos ទទួលបាន​ការទិញពីបរទេស​លើក​ដំបូងដោយ​ហ្វីលីពីន ដែល​ជា​ប្រទេស​ជិត​ខាង​អាស៉ីអាគ្នេយ៍​របស់​ឥណ្ឌូណេស៉ី នៅ​ឆ្នាំ​២០២២។ ប្រព័ន្ធ​មីស៉ីលអាចប្រើប្រាស់សម្រាប់ការបាញ់ចេញពី​​ដីគោក ផ្លូវអាកាស​ តាម​នាវា និង​​នាវាមុជទឹក៕