ក្រុមហ៊ុនប្រេងកំពូលអារ៉ាប៊ីសាអូឌីត Aramco មើលឃើញផលវិបាកធ្ងន់ធ្ងរ កើតចេញពីការបិទខ្ទប់លំហូរប្រេង តាមច្រកសមុទ្រ Hormuz (Video inside)

10-03-2026 16:58

(ឌូបៃ)៖ Aramco ដែលជាក្រុមហ៊ុននាំចេញប្រេងលំដាប់កំពូលរបស់អារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា វានឹងមានផលវិបាកធ្ងន់ធ្ងរ ចំពោះទីផ្សារប្រេងពិភពលោក ប្រសើនបើសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់នៅតែបន្ត ដែលរំខាន់ដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ ២០២៦។

ក្នុងកិច្ចប្រជុំបន្ទាន់មួយ អគ្គនាយក និងជានាយកប្រតិបត្តិ Aramco លោក Amin Nasser និយាយថា ការរំខាននេះមិនត្រឹមតែប៉ះពាល់ដល់វិស័យដឹកជញ្ជូន និងធានារ៉ាប់រងប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងនាំមកនូវផលប៉ះពាល់ ចំពោះវិស័យអាកាសចរណ៍ កសិកម្ម រថយន្ត និងឧស្សាហកម្មដទៃទៀត។ លោកបានគូសបញ្ជាក់ថា «ការរំខានកាន់តែយូរ នឹងនាំមកនូវមហន្តរាយសម្រាប់សេដ្ឋកិច្ចពិភពលោក»។

តាមលោក Nasser ស្តុកប្រេងសកលមានកម្រិតទាបក្នុងរយៈពេល ៥ឆ្នាំ ហើយវិបត្តិនេះនឹងនាំឱ្យស្តុកប្រេងកាន់តែថយចុះ លឿនជាងមុន ដោយបន្ថែមថា វាជារឿងសំខាន់ដែលការដឹកជញ្ជូននៅច្រកសមុទ្រ Hormuz ត្រូវចាប់ផ្តើមឡើងវិញ។

គួរបញ្ជាក់ថា ការនាំដឹកជញ្ជូនប្រេងពីមជ្ឈិមបូព៌ា តាមច្រកសមុទ្រ Hormuz ស្ទើរតែត្រូវបានកាត់ផ្តាច់ទាំងស្រុង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបំផ្ទុះសង្រ្គាម ដែលនាំឱ្យអ៉ីរ៉ង់ឆ្លើយតបដោយការវាយប្រហារ មូលដ្ឋានយោធាអាមេរិកនៅប្រទេសឈូងសមុទ្រ និងនាវាដឹកប្រេង។ នាថ្ងៃអង្គារនេះ ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ថា ពួកគេនឹងមិនអនុញ្ញាតឱ្យប្រេងមួយតំណក់ ត្រូវបានដឹកចេញពីមជ្ឈិមបូព៌ាឡើយ ប្រសិនបើនៅតែរងការវាយប្រហារពីអាមេរិក និងអ៉ីស្រាអែល៕