កិច្ចប្រជុំពេញអង្គលើកទី២ នៃកិច្ចប្រជុំលើកទី៤ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ ត្រូវបានធ្វើឡើង លោក Xi Jinping ប្រធានរដ្ឋចិននិងថ្នាក់ដឹកនាំដទៃទៀតអញ្ជើញចូលរួម
10-03-2026 17:52
(ប៉េកាំង)៖ កិច្ចប្រជុំលើកទី៤ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ (NPC)បានបើកកិច្ចប្រជុំពេញអង្គលើកទី ២ នាព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៦ នៅវិមានសភាប្រជាជនក្នុងទីក្រុងប៉េកាំង ដោយបានស្តាប់ និងពិនិត្យពិភាក្សារបាយការណ៍ការងាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន, តុលាការប្រជាជនកំពូល និងសាលាអយ្យការប្រជាជនកំពូល ព្រមទាំងពិនិត្យពិភាក្សារបាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនស្តីពីការងារពិនិត្យច្បាប់ និងរបាយការណ៍ស្តីពីការដោះស្រាយច្បាប់ និងការសម្រេចចិត្តពាក់ព័ន្ធនានា។
ដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានធ្វើរបាយការណ៍ការងារទៅកាន់ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ នៅក្នុងរបាយការណ៍ លោក Zhao Leji បានចង្អុលបង្ហាញថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក Xi Jinping ជាប្រមុខស្នូល គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានប្រកាន់ខ្ជាប់ការយកគំនិតរបស់លោក Xi Jinping ស្តីពីសង្គមនិយមដែលមានលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីជាគោលការណ៍ណែនាំ សម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលថ្មីៗក្នុងគ្រប់កិច្ចការ។
វឌ្ឍនភាព និងសមិទ្ធផលទាំងនេះរួមមាន៖ ទីមួយ ពង្រឹងការអនុវត្ត និងការត្រួតពិនិត្យរដ្ឋធម្មនុញ្ញ ដើម្បីគាំពារឯកភាព នៃនីតិរដ្ឋរបស់ប្រទេសជាតិ។ ទីពីរ ពង្រឹងការងារនីតិបញ្ញត្តិ ដើម្បីគាំទ្រនិងធានាដល់ការកែទម្រង់ និងការអភិវឌ្ឍ ដោយការងារនីតិបញ្ញត្តិដែលមានគុណភាពខ្ពស់។ ទីបី បំពេញភារកិច្ចរបស់ខ្លួនក្នុងការត្រួតពិនិត្យ ដើម្បីដើរតួនាទី យ៉ាងពេញលេញរបស់ NPC ក្នុងប្រព័ន្ធត្រួតពិនិត្យរបស់បក្ស និងរដ្ឋ។ ទីបួន ពង្រឹង និងពង្រីកការងាររបស់តំណាងរាស្ត្រ ដើម្បីដើរតួនាទីរបស់ខ្លួនបានកាន់តែប្រសើរ។ ទីប្រាំ ប្រើប្រាស់វិសាលភាពរបស់ NPC ក្នុងកិច្ចការបរទេស ដើម្បីផ្តល់ ការគាំទ្រដល់យុទ្ធសាស្ត្រការទូតជាតិ ទីប្រាំមួយ ពង្រឹងការកសាងសមត្ថភាពរបស់ខ្លួន ដោយគ្រប់ជ្រុងជ្រោយ និងលើកកម្ពស់សមត្ថភាពនិងកម្រិត នៃការអនុវត្តភារកិច្ចរបស់ខ្លួនតាមផ្លូវច្បាប់ជាបន្តបន្ទាប់៕
វិទ្យុមិត្តភាពកម្ពុជាចិន




