អ៊ុយក្រែន បញ្ជូនក្រុមអ្នកជំនាញបាញ់ទម្លាក់ដ្រូនទៅកាន់ប្រទេសចំនួន៣ នៅមជ្ឈិមបូព៌ា

11-03-2026 10:50

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថាអ៊ុយក្រែនបានបញ្ជូនក្រុមអ្នកជំនាញបាញ់ទម្លាក់ដ្រូនទៅកាន់ប្រទេសកាតា អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ដើម្បីជួយពួកគេក្នុងការទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ពាក់ព័ន្ធនឹងស្ថានការណ៍នៅក្នុងតំបន់មជ្ឈិមបូព៌ា យើងបានបញ្ជូន ក្រុមអ្នកជំនាញរបស់យើង»។ លោកមិនបានផ្ដល់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងក្រុមអ្នកជំនាញអ៊ុយក្រែននោះទេ ប៉ុន្តែបាននិយាយថាពួកគេគួរតែទៅដល់តំបន់មជ្ឈិមបូព៌ាក្នុងសប្ដាហ៍នេះ។

ក្រុមមន្ត្រីអ៊ុយក្រែនក៏បានអះអាងផងដែរថាក្រុមអ្នកជំនាញអ៊ុយក្រែនត្រូវបានបញ្ជូនរួចទៅហើយទៅកាន់មូលដ្ឋានទ័ពអាមេរិកមួយ ក្នុងប្រទេសហ្ស៊កដានី។ នៅពេលត្រូវបានសាកសួរថាតើ អ៊ុយក្រែនចង់បានអ្វីត្រឡប់ទៅវិញ លោក ហ្សេលេនស្គីបានឆ្លើយថាអ៊ុយក្រែនត្រូវការប្រព័ន្ធមីស៊ីលការពារដែនអាកាស។

គួរបញ្ជាក់ថា បណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្របានប្រើប្រាស់ក្នុងបរិមាណជាច្រើននូវគ្រាប់មីស៊ីលនៃប្រព័ន្ធការពារដែនអាកាសដើម្បីទប់ទល់នឹងការវាយប្រហារដោយដ្រូនពីអ៉ីរ៉ង់ ហើយបានស្វះស្វែងរកជំនួយពីក្រុមអ្នកជំនាញបាញ់ទម្លាក់ដ្រូនពីអ៊ុយក្រែន។ អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនរុស្ស៉ីជារៀងរាល់យប់ដោយប្រើប្រាស់អាវុធជាច្រើន ក្នុងនោះរួមមានទាំងអាវុធ ចំណាយលុយតិច ដូចជាដ្រូនខ្នាតតូច ឬឧបករណ៍ផ្ដាច់រលកសញ្ញាទំនាក់ទំនង៕