Boeing ចុះកុងត្រាផ្គត់ផ្គង់គ្រាប់បែកវៃឆ្លាត ៥ ០០០គ្រាប់ ជាមួយអ៉ីស្រាអែល (Video inside)
11-03-2026 11:19
(វ៉ាស៉ីនតោន)៖ ប្រភពមួយបានប្រាប់ Reuters កាលពីថ្ងៃអង្គារ ទី១០ ខែមីនា ថាកុងត្រាតម្លៃ ២៨៩លានដុល្លារ ត្រូវបានក្រុមហ៊ុន Boeing ចុះហត្ថលេខាជាមួយអ៉ីស្រាអែល ដើម្បីផ្គត់ផ្គង់គ្រាប់បែកវៃឆ្លាតបាញ់ចេញពីអាកាសស៊េរីថ្មី ចំនួន ៥ ០០០គ្រាប់។
សារព័ត៌មាន Bloomberg បានរាយការណ៍ដំបូង ដោយដកស្រង់សម្តីបុគ្គលម្នាក់ដែលដឹងអំពីបញ្ហានេះ ថាកុងត្រាថ្មីនេះ មិនពាក់ព័ន្ធនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ដែលកំពុងបន្តនោះទេ ដោយការដឹកជញ្ជូននឹងមិនគ្រោងធ្វើឡើង ក្នុងរយៈពេល ៣៦ខែឡើយ។
Boeing បានបដិសេធធ្វើអត្ថាធិប្បាយ នៅពេលដែល Reuters ទាក់ទងទៅសុំការបញ្ជាក់។ គ្រាប់បែកទំហំតូចរបស់ក្រុមហ៊ុន Boeing គឺជាគ្រាប់កំណត់គោលដៅ ដែលអាចបាញ់ដោយយន្តហោះចម្បាំងអ៉ីស្រាអែល ទៅកាន់គោលដៅចម្ងាយជាង ៦៤គីឡូម៉ែត្រ៕




