កងទ័ពជើងទឹកអាមេរិក ថាការអមដំណើរនៅច្រកសមុទ្រ Hormuz មិនទាន់អាចធ្វើបានទេ ក្នុងពេលនេះ (Video inside)

11-03-2026 11:50

(វ៉ាស៉ីនតោន)៖ ចាប់តាំងពីធ្វើសង្រ្គាមលើអ៉ីរ៉ង់ កងទ័ពជើងទឹកអាមេរិក បានបដិសេធការស្នើសុំពីសំណាក់ឧស្សាហកម្មដឹកជញ្ជូននានា ឱ្យជួយអមដំណើរដើម្បីការពារឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយនិយាយថា ហានិភ័យនៃការវាយប្រហារគឺខ្ពស់ពេកសម្រាប់ពេលនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ ២០២៦។

ប្រភពក្នុងឧស្សាហកម្មដឹកជញ្ជូនបាននិយាយថា កងទ័ពជើងទឹកអាមេរិក តែងធ្វើសន្និសីទសារព័ត៌មានជាប្រចាំ ជាមួយភាគីឧស្សាហកម្មដឹកជញ្ជូន និងប្រេង ហើយបាននិយាយថា អំឡុងពេលប្រជុំទាំងនោះ ថាខ្លួនមិនអាចផ្តល់ការអមដំណើរ សម្រាប់ពេលបច្ចុប្បន្នបានឡើយ។

ប្រភពមួយសុំ​មិន​បញ្ចេញអត្តសញ្ញាណ ​និយាយ​ថា ឧស្សាហកម្ម​ដឹកជញ្ជូន​តាម​ផ្លូវទឹក​ បាន​​ស្នើស្ទើរតែ​រាល់ថ្ងៃ​ ឱ្យកងទ័ពជើងទឹកជួយអមដំណើរ​ឆ្លងកាត់​ច្រកសមុទ្រ​មួយនេះ​។ គិតត្រឹមថ្ងៃអង្គារ មិនមានការផ្លាស់ប្តូរណាមួយទេ ដោយកងទ័ពជើងទឹកនិយាយថា ការអមដំណើរអាចធ្វើទៅបាន លុះត្រាតែហានិភ័យនៃការវាយប្រហារថយចុះ។

ការបដិសេធនេះ ឆ្លុះបញ្ចាំងពីភាពផ្ទុយស្រឡះ ពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលថាសហរដ្ឋអាមេរិក ត្រៀមខ្លួនផ្តល់ការអមដំណើរដោយកងទ័ពជើងទឹក នៅពេលមានតម្រូវការ ខណៈការនាំចេញប្រេងពីមជ្ឈិមបូព៌ាកំពុងរងគ្រោះខ្លាំង។ ខណៈដែលមាននាវាច្រើនគ្រឿងហើយបាននូវរងការ​វាយប្រហារ ឆ្មាំបដិវត្តន៍បាននិយាយថា អ៉ីរ៉ង់នឹងបាញ់ទៅលើនាវាណាមួយដែលព្យាយាមឆ្លងកាត់៕