មេដឹកនាំ EU ថាសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងផ្តល់ផលចំណេញឱ្យរុស្ស៉ី (Video inside)

11-03-2026 13:06

(ព្រុចសែល)៖ កាលពីថ្ងៃអង្គារ ទី១០ ខែមីនា ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) លោក Antonio Costa បានលើកឡើងថា សង្រ្គាមនៅមជ្ឈិមបូព៌ា កំពុងតែផ្តល់ផលចំណេញដល់រុស្ស៉ី ស្របពេលដែលតម្លៃថាមពលហក់ឡើងខ្ពស់ ហើយការចាប់អារម្មណ៍ចំពោះ​សង្រ្គាមនៅអ៊ុយក្រែន មានការថយចុះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងសុន្ទរកថាថ្លែងទៅកាន់បណ្តាឯកអគ្គរដ្ឋទូត-រាជទូត EU នៅទីក្រុងព្រុចសែល លោក Costa បានបង្ហាញការយល់ឃើញដូច្នេះថា «មកទល់ឥឡូវ មានអ្នកឈ្នះតែម្នាក់ក្នុងសង្រ្គាមនេះ គឺរុស្ស៉ី។ រុស្ស៉ីទទួលបានធនធានហិរញ្ញវត្ថុថ្មី ដើម្បីយកទៅទ្រទ្រង់សង្រ្គាមនៅ​អ៊ុយក្រែន ខណៈដែលតម្លៃថាមពលកើនឡើង។ រុស្ស៉ីទទួលបានផលចំណេញ ពីការបង្វែរសមត្ថភាពយោធា ដែលអាច​បញ្ជូនទៅគាំទ្រ​អ៊ុយក្រែន ហើយមិនតែប៉ុណ្ណោះ រុស្ស៉ីទទួលបានប្រយោជន៍ពីការថយចុះចំណាប់អារម្មណ៍ ចំពោះសមរភូមិនៅអ៊ុយក្រែន ដោយសារតែ​ជម្លោះនៅមជ្ឈិមបូព៌ា នាពេលនេះកំពុងក្លាយជាចំណុចផ្តោត»

ជាចុងក្រោយ លោក Costa បានសង្កត់ធ្ងន់ពីភាពចាំបាច់ឱ្យ EU ត្រូវការពារសណ្តាប់ធ្នាប់ពិភពលោកផ្នែកលើច្បាប់អន្តរជាតិ ដែលកំពុងរងការគំរាមកំហែង ហើយទទូចឱ្យភាគីទាំងអស់ក្នុងជម្លោះនៅមជ្ឈិមបូព៌ា ត្រឡប់ទៅរកតុចរចាសាជាថ្មី៕