អធិការបតីអាល្លឺម៉ង់ មើលមិនឃើញថា សង្រ្គាមអ៉ីរ៉ង់អាចចប់ក្នុងពេលឆាប់ៗ (Video inside)

11-03-2026 13:36

(បែរឡាំង)៖ កាលពីថ្ងៃអង្គារ ទី១០ ខែមីនា អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានបង្ហាញក្តីបារម្ភថា សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល ហាក់ដូចជាមិនមានផែនការរួម ដើម្បីបិទបញ្ចប់សង្រ្គាមរបស់ខ្លួនប្រឆាំងនឹងអ៉ីរ៉ង់ ក្នុងពេលឆាប់ៗនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Al Arabiya។

លោក Merz បាននិយាយយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល បាននិងកំពុងធ្វើសង្រ្គាមប្រឆាំងអ៉ីរ៉ង់ អស់រយៈពេលជាង​១សប្តាហ៍មកហើយ។ យើងយល់ស្រប ជាមួយកម្មវត្ថុមួយចំនួននៃសង្រ្គាមនេះ ប៉ុន្តែស្របពេលដែលវាបន្តកន្លងផុតពីមួយថ្ងៃទៅមួយថ្ងៃ មានមន្ទិលសង្ស័យនិងក្តីកង្វល់លេចឡើងកាន់តែច្រើន។ យើងព្រួយបារម្ភជាពិសេសថា ហាក់ដូចជាមិនមានផែនការរួមមួយ សម្រាប់ឱ្យ​សង្រ្គាមនេះអាចត្រូវបិទបញ្ចប់ទៅវិញ ក្នុងពេលឆាប់ៗ»

ជាចុងក្រោយ លោកអធិការបតីអាល្លឺម៉ង់ បានគូសបញ្ជាក់ថា ប្រទេសរបស់លោកនិងអឺរ៉ុបទាំងមូល មិនចង់ឃើញសង្រ្គាមមួយ ដែលគ្មានទីបញ្ចប់ទេ ហើយបានសង្កត់ធ្ងន់ថា យុទ្ធនាការយោធាអាមេរិក-អ៉ីស្រាអែល ដាច់ខាតមិនត្រូវឈានទៅរកសេណារីយ៉ោ ដូចអ្វីដែលបានកើតឡើងនៅប្រទេសលីប៊ី អ៉ីរ៉ាក់ ឬរដ្ឋដទៃទៀតនៅក្នុងតំបន់ នាពេលកន្លងមកឡើយ៕