កូរ៉េខាងត្បូងអះអាងថា នៅតែអាចទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង ទោះអាមេរិកផ្លាស់សព្វាវុធមួយចំនួនទៅកាន់មជ្ឈិមបូព៌ា (Video inside)

11-03-2026 14:03

(សេអ៊ូល)៖ នាថ្ងៃពុធ ទី១១ ខែមីនា កូរ៉េខាងត្បូងបាននិយាយថា ខ្លួនមានសមត្ថភាពទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង ទោះបីក្នុងករណីសហរដ្ឋអាមេរិក ផ្លាស់ធនធានយោធាមួយចំនួនរបស់ខ្លួន ទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពោះមុខសង្រ្គាមជាមួយអ៉ីរ៉ង់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្នុងសប្តាហ៍នេះ សារព័ត៌មានអាមេរិក Washington Post បានរាយការណ៍ថា អាមេរិកកំពុងផ្លាស់ផ្នែកខ្លះនៃប្រព័ន្ធខែលការពារ THAAD ពីកូរ៉េខាងត្បូង ទៅមជ្ឈិមបូព៌ា។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា «វាមិនសំខាន់ឡើយពាក់ព័ន្ធសំណួរថា តើធនធានមួយចំនួនរបស់កងកម្លាំងអាមេរិកនៅកូរ៉េខាងត្បូង ត្រូវបានដាក់ពង្រាយចេញក្រៅប្រទេស ឬយ៉ាងណានោះ គោលជំហរ​ទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង គឺគ្មានបញ្ហាអ្វីទាំងអស់ ដោយសារតែកម្រិតនៃសមត្ថភាពយោធារបស់យើង»

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន ដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់ទីក្រុងសេអ៊ូល មានកងទ័ពប្រមាណ២៨៥០០នាក់ រួមជាមួយប្រព័ន្ធការពារមីស៉ីលនិងដែនអាកាសចម្រុះប្រភេទ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីជួយទប់ស្កាត់ការគំរាមកំហែងពី​ប្រទេសកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ៕