មន្រ្តីប៉ូលិសកំពូលរបស់អ៉ីរ៉ង់ ព្រមានថាបាតុករប្រឆាំងរដ្ឋាភិបាលនឹងត្រូវចាត់ទុកជាសត្រូវ ចំពោះមុខសង្រ្គាមជាមួយអាមេរិក-អ៉ីស្រាអែល (Video inside)
11-03-2026 14:44
(តេហេរ៉ង់)៖ មន្រ្តីប៉ូលិសកំពូលរបស់ប្រទេសអ៉ីរ៉ង់ បានព្រមានថា បាតុករនៅអ៉ីរ៉ង់នឹងត្រូវចាត់ទុកជាសត្រូវ ប្រសិនបើពួកគេគាំទ្រសត្រូវរបស់ទីក្រុងតេហេរ៉ង់ ស្របពេ
លសង្រ្គាមនៅមជ្ឈិមបូព៌ា កំពុងនាំឱ្យមានការភ័យព្រួយថា ចលនាបាតុកម្មទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាល អាចនឹងកើតមានឡើងសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦។
ក្នុងសារចេញផ្សាយដោយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ កាលពីយប់ថ្ងៃអង្គារ មេប៉ូលិសជាតិអ៉ីរ៉ង់ លោក Ahmad-Reza Radan បាននិយាយថា អ្នកទាំងឡាយ ដែលហ៊ានចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល តាមបំណងរបស់សត្រូវ ពួកគេនឹងលែងត្រូវបានចាត់ទុកត្រឹមជាបាតុករទៀតហើយ គឺនឹងត្រូវចាត់ទុកជាសត្រូវតែម្តង។ លោក Radan បានបន្ថែមដូច្នេះថា «ហើយយើងនឹងធ្វើដាក់ពួកគេ នូវអ្វីដែលយើងធ្វើដាក់សត្រូវ។ កងកម្លាំងយើងត្រៀមលក្ខណៈជាស្រេច ដើម្បីការពារបដិវត្តន៍របស់យើង»។
អំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាល កាលពីខែមករា ដើមឆ្នាំនេះ ដែលកើតចេញពីការជួបទុក្ខលំបាកដោយសារបញ្ហាសេដ្ឋកិច្ច អាជ្ញាធរអ៉ីរ៉ង់បានទទួលស្គាល់ថា មានមនុស្សស្លាប់ជាង៣០០០នាក់ ប៉ុន្តែក្រុមសិទ្ធិមនុស្សអះអាងថា អ្នកស្លាប់ក្នុងការបង្រ្កាប អាចដល់លើស៧០០០នាក់ និងរាប់ម៉ឺននាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។
ដំបូងឡើយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសគាំទ្រក្រុមបាតុករនៅអ៉ីរ៉ង់ និងបានគំរាមធ្វើអន្តរាគមន៍ជួយពួកគេ ស្របពេលដែលអាជ្ញាធរអ៉ីរ៉ង់ធ្វើការបង្រ្កាបយ៉ាងប្រល័យ ប៉ុន្តែក្រោយមក ការគំរាមរបស់លោក បានបង្វែរទៅរកកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់វិញ។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោនបានរួមដៃជាមួយអ៉ីស្រាអែល បើកការវាយប្រហារលើអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាហេតុនាំឱ្យមានការវាយប្រហារសងសឹកវិញពីទីក្រុងតេហេរ៉ង់ ប្រឆាំងលើគោលដៅអ៉ីស្រាអែលនិងអាមេរិក នៅទូទាំងមជ្ឈិមបូព៌ា ជាពិសេសនៅចំណុចតំបន់ឈូងសមុទ្រ៕







