កប៉ាល់ដឹកទំនិញដោតទង់ជាតិថៃ១គ្រឿង ព្រមទាំងកប៉ាល់២គ្រឿងទៀត រងការវាយប្រហារនៅតំបន់ច្រកសមុទ្រ Hormuz (Video inside)
11-03-2026 17:06
(ឌូបៃ)៖ នាថ្ងៃពុធ ទី១១ ខែមីនា ស្របពេលដែលសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាកំពុងតែបន្តយ៉ាងក្តៅគគុក មានសេចក្តីរាយការណ៍ថា កប៉ាល់ដឹកទំនិញចំនួន៣គ្រឿងទៀត បានរងការវាយប្រហារនៅតំបន់ច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងចំណោមកប៉ាល់ទាំង៣គ្រឿងខាងលើ កប៉ាល់ឈ្មោះ Mayuree Naree ដែលដោតទង់ជាតិថៃ ហាក់ទទួលរងការខូចខាតធ្ងន់ជាងគេ ដោយមានការឆាបឆេះ នៅចម្ងាយប៉ុន្មានគីឡូម៉ែត្រពីភាគខាងជើងប្រទេសអូម៉ង់ ហើយក្រុមការងារកប៉ាល់មួយចំនួនធំ ត្រូវបានជម្លៀសចេញពីលើនោះ។ ចំណែកកប៉ាល់ដឹកទំនិញ ២គ្រឿងផ្សេងទៀត រួមមានកប៉ាល់ដោតទង់ជាតិជប៉ុនឈ្មោះ One Majesty ដែលបានរងការវាយប្រហារ នៅក្បែរឆេ្នរប្រទេសអេមីរ៉ាតអារ៉ាប់រួម និងកប៉ាល់ឈ្មោះ Star Gwyneth ដែលដោតទង់ជាតិប្រទេសដែនកោះ Marshall នៅក្បែរទីក្រុងឌូបៃ។
គួរបញ្ជាក់ថា ចរាចរណ៍ដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលទទួលបន្ទុកប្រមាណ២០ភាគរយ នៃការដឹកជញ្ជូនប្រេងនិងឧស្ម័នរបស់ពិភពលោក បានជាប់គាំងសឹងទាំងស្រុង តាំងពីសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ឧប្បត្តិហេតុថ្មីខាងលើនេះ នាំឱ្យចំនួនកប៉ាល់ដែលបានស្ថិតក្រោមការវាយប្រហារ គិតចាប់តាំងពីជម្លោះផ្ទុះឡើង កើនដល់យ៉ាងហោច១៤គ្រឿង៕







