ប្រធានាធិបតីអ៉ីរ៉ង់ ដាក់លក្ខខណ្ឌចំនួន៣ ដើម្បីបិទបញ្ចប់សង្រ្គាម (Video inside)
12-03-2026 09:19
(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ បានដាក់លក្ខខណ្ឌចំនួន៣ ដើម្បីបិទបញ្ចប់សង្រ្គាម ក្នុងនោះរួមមានការទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ៉ីរ៉ង់ សំណងជួសជុលការខូចខាត និងការធានាយ៉ាងរឹងមាំពីអន្តរជាតិប្រឆាំងនឹងការឈ្លានពានជាថ្មីណាមួយ នៅពេលអនាគតលើអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu។
នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X លោក Pezeshkian ក៏បានអះអាងដែរថារូបលោកបានបើកកិច្ចពិភាក្សាជាមួយមេដឹកនាំរុស្ស៉ី និងប៉ាគីស្ថាន។ លោកបន្ថែមដូច្នេះថា «ខ្ញុំសូមបញ្ជាក់ឡើងវិញពីការប្ដេជ្ញារបស់អ៉ីរ៉ង់ចំពោះសន្តិភាពក្នុងតំបន់។ មធ្យោបាយតែមួយគត់ដើម្បីបញ្ចប់សង្រ្គាមដែលបង្កឡើងដោយរបប Zionist (អ៉ីស្រាអែល) និងសហរដ្ឋអាមេរិក នោះគឺការទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ៉ីរ៉ង់ សំណងជួសជុលការខូចខាត និងការធានាយ៉ាងរឹងមាំពីអន្តរជាតិ ប្រឆាំងនឹងការឈ្លានពានជាថ្មីណាមួយ នៅពេលអនាគតលើអ៉ីរ៉ង់»។
គួរបញ្ជាក់ថា ជម្លោះកំពុងរាលដាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីអ៉ីស្រាអែល និងសហរដ្ឋអាមេរិក បើកការវាយប្រហាររួមគ្នាលើអ៉ីរ៉ង់ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សយ៉ាងហោច ១២០០នាក់ ក្នុងនោះរួមមានទាំងមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei និងមនុស្ស ១០ ០០០នាក់ផ្សេងទៀតរងរបួស។ នេះបើតាមក្រុមមន្ត្រីអ៉ីរ៉ង់។ អ៉ីរ៉ង់បាន និងកំពុងសងសឹកតាមរយៈការវាយប្រហារដោយបាញ់មីស៊ីល និងដ្រូន លើអ៉ីស្រាអែល ក្នុងក្រុមប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រ ពែក្ស៕




