Air New Zealand កាត់បន្ថយជើងហោះហើរចំនួន១១០០ ដោយសារតែបញ្ហាប្រេងឥន្ធនៈ (Video inside)
12-03-2026 16:37
(វែលីងតោន)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិនូវែលសេឡង់ Air New Zealand បានប្រកាសលុបចោលជើងហោះហើរចំនួន ១ ១០០ សម្រាប់រយៈពេល ២ខែទៅមុខ ដោយលើកពីផលប៉ះពាល់នៃសង្រ្គាមមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃព្រហស្បតី៍ ទី១២ ខែមីនា ឆ្នាំ ២០២៦។
នាយកប្រតិបត្តិ លោក Nikhil Ravishankar និយាយថា ប្រហែល ៥ភាគរយនៃជើងហោះហើររបស់ក្រុមហ៊ុន នឹងត្រូវលុបចោល ប៉ះពាល់ដល់អ្នកដំណើរចំនួន ៤៤ ០០០នាក់។ ជើងហោះហើរដែលត្រូវលុបចោល ភាគច្រើនស្ថិតនៅលើផ្លូវហោះហើរក្នុងស្រុក ប៉ុន្តែក៏រួមបញ្ចូលជើងហោះហើរអន្តរជាតិមួយចំនួនដែរ។
លោកបញ្ជាក់ថា «ដោយតម្លៃសាំងយន្តហោះ បានប្រែប្រួលមិនធ្លាប់មានពីមុនមក ព្រោះតែជម្លោះនៅមជ្ឈិមបូព៌ា ក្រុមហ៊ុនអាកាសចរណ៍ជុំវិញពិភពលោក កំពុងកែសម្រួលតម្លៃសំបុត្រ និងកាលវិភាគធ្វើដំណើរ ដើម្បីជួយគ្រប់គ្រងផលប៉ះពាល់នៃការចំណាយ ដែលកើនឡើងគួរឱ្យកត់សម្គាល់»។
តាមលោក Ravishankar ជាធម្មតាសាំងយន្តហោះ មានតម្លៃប្រហែល ៨៥ដុល្លារអាមេរិកក្នុងមួយបារ៉ែល ប៉ុន្តែឥឡូវបានកើនឡើងទ្វេដង។ ការលុបចោលជើងហោះហើរខ្លះ នឹងជួយរក្សាតម្លៃឱ្យនៅសមរម្យ ជាមួយការធានាថាយន្តហោះរបស់ក្រុមហ៊ុន នៅមានសាំងសម្រាប់ធ្វើប្រតិបត្តិការ៕




