ថៃទាមទារឱ្យអ៉ីរ៉ង់ធ្វើការសុំទោស ក្រោយការវាយប្រហារលើនាវាដឹកទំនិញថៃនៅច្រកសមុទ្រ Hormuz (Video inside)
12-03-2026 19:08
(បាងកក)៖ ក្រសួងការបរទេសថៃ បានទាមទារឱ្យអ៉ីរ៉ង់ធ្វើការសុំទោសជាផ្លូវការ ចំពោះការខូចខាតលើនាវាដឹកទំនិញថៃ ដែលត្រូវបានវាយប្រហារនៅក្នុងច្រកសមុទ្រហ័រមូស (Hormuz) កាលពីថ្ងៃពុធ បណ្តាលឱ្យមានអគ្គិភ័យឆាបឆេះ និងបង្ខំឱ្យនាវិកត្រូវបោះបង់ចោលកប៉ាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមហ៊ុនប្រតិបត្តិការនាវា Precious Shipping បានឱ្យដឹងថា នាវា Mayuree Naree ដែលដោតទង់ជាតិថៃ បានរងការវាយប្រហារដោយគ្រាប់ផ្លោងចំនួន២គ្រាប់ ដែលបង្កឱ្យខូចខាតបន្ទប់ម៉ាស៊ីនយ៉ាងធ្ងន់ធ្ងរ។ ក្នុងចំណោមនាវិក ២៣នាក់ មាន ២០នាក់ត្រូវបានជម្លៀសខ្លួនដោយសុវត្ថិភាពទៅកាន់ប្រទេសអូម៉ង់ ខណៈនាវិក ៣នាក់ផ្សេងទៀតនៅតែបាត់ខ្លួន ដែលគេសង្ស័យថាអាចជាប់គាំងក្នុងបន្ទប់ម៉ាស៊ីន។
គួរបញ្ជាក់ថា ជុំវិញហេតុការណ៍នេះ កងឆ្មាំបដិវត្តន៍អ៉ីស្លាមអ៉ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់ថា នាវានេះត្រូវបាន «បាញ់ប្រហារដោយយន្តហោះចម្បាំងអ៉ីរ៉ង់»។ កន្លងមក កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានព្រមានជាញឹកញាប់ថា រាល់នាវាទាំងអស់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងត្រូវចាត់ទុកជាគោលដៅវាយប្រហារ៕




