គ្រោះបាក់ដី និងទឹកជំនន់នៅអេត្យូពី សម្លាប់មនុស្សជាង ៦០នាក់​ ខណៈជាង ១២០នាក់ទៀត​កំពុងបាត់ខ្លួន (Video inside)

12-03-2026 21:38

(អាឌីសអាបេបា)៖ នាថ្ងៃព្រហស្បតិ៍ អាជ្ញាធរអេត្យូពីបានប្រកាសថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់បាក់ដី និងទឹកជំនន់នៅក្នុងតំបន់ Gamo ភាគខាងត្បូងប្រទេស បានកើនឡើងដល់យ៉ាងហោចណាស់ ៦៤នាក់ ខណៈមនុស្សជាង ១២០នាក់ទៀត កំពុងបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មានអន្តរជាតិ។

អាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ជនរងគ្រោះភាគច្រើនត្រូវបានរកឃើញកប់ក្រោមគំនរភក់ល្បាប់ ខណៈកិច្ចប្រតិបត្តិការជួយសង្គ្រោះកំពុងជួបការលំបាកដោយសារភ្លៀងធ្លាក់បន្ត។ មេដឹកនាំតំបន់បានអំពាវនាវឱ្យពលរដ្ឋរស់នៅតំបន់ខ្ពង់រាប និងតំបន់ងាយរងគ្រោះ ត្រូវផ្លាស់ទីលំនៅជាបន្ទាន់ដើម្បីសុវត្ថិភាព។

គួរបញ្ជាក់ថា គ្រោះមហន្តរាយដោយសារភ្លៀងធ្លាក់ខ្លាំង បានកំពុងបង្កហានិភ័យទូទាំងតំបន់អាហ្វ្រិកខាងកើត។ គ្រោះបាក់ដីនៅអេត្យូពី ជាញឹកញាប់កើតឡើងក្នុងរដូវវស្សា ដោយកាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ គ្រោះបាក់ដីមួយកន្លែងធ្លាប់បានឆក់យកជីវិតមនុស្សជាង ២៥០នាក់រួចមកហើយ។ អ្នកវិទ្យាសាស្ត្របានព្រមានថា ការប្រែប្រួលអាកាសធាតុគឺជាកត្តាចម្បង ដែលបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិកាន់តែញឹកញាប់ និងធ្ងន់ធ្ងរនៅតំបន់នេះ៕