លោក Netanyahu ៖ អ៉ីស្រាអែលកំពុងវាយបំបាក់អ៉ីរ៉ង់ និងក្រុមហេសបូឡា (Video inside)
13-03-2026 09:18
(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល បាន និងកំពុងវាយបំបាក់អ៉ីរ៉ង់ និងក្រុមហេសបូឡាដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ ជាមួយការអំពាវនាវឱ្យប្រជាជនអ៉ីរ៉ង់ក្រោកឈរឡើងបះបោរផ្ដួលរំលំសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Netanyahu ធ្វើការកត់សម្គាល់បែបនេះ ប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ លោក Mojtaba Khamenei បានចេញសេចក្ដីថ្លែងការណ៍ដំបូងដោយសន្យាសងសឹកឱ្យ ជនជាតិអ៉ីរ៉ង់ដែលបានស្លាប់ក្នុងសង្រ្គាមមកទល់នឹងពេលនេះ។ ក្នុងសន្និសីទសារព័ត៌មានខ្លីមួយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងវាយបំបាក់អ៉ីរ៉ង់ និងក្រុមហេសបូឡា»។
នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះក៏បាននិយាយដោយឥតលាក់លៀមដែរថាលោកកំពុងព្យាយាមប្រើប្រាស់សង្រ្គាមជាមួយអ៉ីរ៉ង់ ដើម្បីផ្ដួលរំលំរបបដឹកនាំសព្វថ្ងៃក្នុងទីក្រុងតេហេរ៉ង់។ «ខ្ញុំបានបន្ថែមវត្ថុបំណងទី៣ ដែលមានគោលដៅបង្កើតលក្ខខណ្ឌឱ្យប្រជាជនអ៉ីរ៉ង់ផ្ដួលរំលំរបបដឹកនាំមួយនេះ»។ នេះជាការបន្ថែមរបស់លោក Netanyahu។
តាមលោក Netanyahu លក្ខខណ្ឌ២ផ្សេងទៀតរួមមានរារាំងមិនឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ និងកម្ទេចសកម្មភាពមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់៕




