ក្រុមរដ្ឋមន្ត្រីអាស៊ាន នឹងបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីវិបត្តិនៅមជ្ឈិមបូព៌ា (Video inside)
13-03-2026 10:07
(ម៉ានីល)៖ សង្រ្គាមដែលកំពុងរីកដាលនៅក្នុងតំបន់មជ្ឈិមបូព៌ាត្រូវបានរំពឹងថានឹងគ្របដណ្ដប់លើកិច្ចពិភាក្សានៅឯកិច្ចប្រជុំចង្អៀតរបស់ក្រុមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ ខណៈក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានក៏នឹងបើកកិច្ចប្រជុំតាមអនឡាញផងដែរក្នុងថ្ងៃតែមួយ ដើម្បីជជែកពីសង្រ្គាមនេះដែលកំពុងធ្វើឱ្យប្រេងហក់ឡើងថ្លៃខ្ពស់។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ហ្វីលីពីនដែលក្នុងឆ្នាំនេះជាប្រធានអាស៊ាន កំពុងដឹកនាំកិច្ចប្រជុំជាច្រើន ខណៈក្រុមមន្ត្រីរបស់ខ្លួនកំពុងវាយតម្លៃលើផលប៉ះពាល់ និងលំហូរពាណិជ្ជកម្មនៅទូទាំងតំបន់ដែលមានសេដ្ឋកិច្ចពឹងផ្អែកលើ ការនាំចេញ។ ការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់អស់រយៈពេលជាង២សប្ដាហ៍មកនេះ បានសម្លាប់មនុស្សយ៉ាងហោច ២០០០នាក់ និងធ្វើឱ្យទីផ្សារថាមពល និងការដឹកជញ្ជូនរបស់ពិភពលោកចលាចល។
វិបត្តិទាំងនេះបានបង្ខំឱ្យក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានរៀបចំកិច្ចប្រជុំតាមអនឡាញ ដើម្បីវាយតម្លៃពីផលប៉ះពាល់សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ជាទីដែលបណ្ដាប្រទេសជាច្រើនពឹងផ្អែកយ៉ាងខ្លាំង លើការផ្គត់ផ្គង់ប្រេង និងឧស្ម័ន LNG ពីបណ្ដាប្រទេសឈូងសមុទ្រពែក្ស៕





