សហរដ្ឋអាមេរិក បេីកផ្លូវរយៈពេល ៣០ថ្ងៃ ឱ្យប្រទេសនានា ទិញប្រេងរុស្ស៉ីជាប់ទណ្ឌកម្ម (Video inside)

13-03-2026 11:03

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានចេញអាជ្ញាប័ណ្ណរយៈពេល ៣០ថ្ងៃសម្រាប់ប្រទេសនានា ក្នុងការទិញប្រេងរុស្ស៊ីដែលបច្ចុប្បន្នកំពុងជាប់គាំងនៅសមុទ្រក្រោមទណ្ឌកម្ម ដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Scott Bessent និយាយថាវាជាជំហានមួយដើម្បីរក្សាស្ថិរភាពទីផ្សារថាមពលពិភពលោក ដែលកំពុងតឹងតែងដោយសារសង្រ្គាមជាមួយអ៉ីរ៉ង់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ ២០២៦។

នៅក្នុងសេចក្តីប្រកាសមួយតាមបណ្តាញសង្គម X បន្ទាប់ពីតម្លៃប្រេងឡើងដល់ប្រហែល ១០០ដុល្លារក្នុងមួយបារ៉ែល​ លោក Bessent គូសបញ្ជាក់ថា វិធានការនេះជាការជួយសម្រួលរយៈពេលខ្លី ហើយមិនផ្តល់ប្រយោជន៍ហិរញ្ញវត្ថុធំដុំដល់រដ្ឋាភិបាលរុស្ស៉ីនោះទេ។

ដោយបន្ទរសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី ដូ ណាល់ ត្រាំ លោក Bessent ថាការកើនឡើងតម្លៃប្រេងគឺជាការរំខានរយៈពេលខ្លី និងបណ្តោះអាសន្នដែលនឹងផ្តល់ផលចំណេញច្រើនដល់ប្រទេសជាតិ និងសេដ្ឋកិច្ចអាមេរិកក្នុងរយៈពេលវែង។

តាមក្រសួងហិរញ្ញវត្ថុអាមេរិក អាជ្ញាប័ណ្ណដែលផ្តល់សិទ្ធិចែកចាយ និងលក់ប្រេងឆៅ និងផលិតផលប្រេងរុស្ស៉ី (សាំង ម៉ាស៊ូត​ សាំងយន្តហោះ ហ្គាស វត្ថុធាតុដេីមសម្រាប់ផលិតកម្ម) មានសុពលភាចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី១១ ខែមេសា៕