រដ្ឋមន្រ្តីការបរទេសគុយបា សន្ទនាជាមួយសមភាគីចិន និងរុស្ស៉ី (Video inside)

13-03-2026 11:48

(ឡាហាវ៉ាន)៖ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានជជែកទូរស័ព្ទជាមួយសមភាគីចិន និងរុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ៣ថ្ងៃក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថារដ្ឋាភិបាលកុម្មុយនិស្តគុយបាកំពុងជួបបញ្ហាធ្ងន់ធ្ងរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ ២០២៦។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៉ី លោករដ្ឋមន្ត្រី Sergei Lavrov បានបញ្ជាក់ពីជំហរជាគោលការណ៍របស់រុស្ស៉ី ដែលមិនអាចទទួលយកបានចំពោះការដាក់សម្ពាធសេដ្ឋកិច្ច និងនយោបាយពីសំណាក់សហរដ្ឋអាមេរិកទៅលើគុយបា។ នៅក្នុងការសន្ទនាដែលផ្តួចផ្តើមឡើងដោយគុយបានេះដែរ ក៍មាននូវការបញ្ជាក់អំពីការគាំទ្រសម្រាប់គុយបាក្នុងការការពារអធិបតេយ្យ និងសិទ្ធិជ្រើសរើសផ្លូវនៃការអភិវឌ្ឍផងដែរ។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា លោក Bruno Rodriguez បានស្នេីជជែកតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ហេីយរដ្ឋមន្រ្តីទាំងពីរយល់ព្រមបន្តជំរុញការអភិវឌ្ឋទំនាក់ទំនងទ្វេភាគី។

គួរបញ្ជាក់ថា លោក ត្រាំ កាលពីថ្ងៃចន្ទ បាននិយាយទៅកាន់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក តាមរយៈរដ្ឋមន្រ្តី Marco Rubio កំពុងដោះស្រាយពាក់ព័ន្ធបញ្ហាថាគួរ ឬមិនគួរគ្រប់គ្រងគុយបា៕