រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់៖ បញ្ហាច្រកសមុទ្រ Hormuz ចាំបាច់ត្រូវដោះស្រាយតាមការទូត (Video inside)

13-03-2026 13:08

(បែរឡាំង)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា រដ្ឋមន្រ្តីការបរទេសនៃប្រទេសអាល្លឺម៉ង់ លោក Johann Wadephul បានលើកឡើងថា ដំណោះស្រាយសម្រាប់បញ្ហាសន្តិសុខនៅច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់ អាចសម្រេចបានលុះត្រាតែតាមរយៈមធ្យោបាយការទូត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អំឡុងទស្សនកិច្ចនៅតួកគីយ៉េ លោក Wadephul បាននិយាយយ៉ាងដូច្នេះថា «ដំណោះស្រាយដែលអាចជឿទុកចិត្ត និងមាននិរន្តរភាព អាចត្រូវសម្រេចបាន លុះតែតាមរយៈមធ្យោបាយការទូតប៉ុណ្ណោះ ហេតុនេះហើយខ្ញុំជឿជាក់ថា ពួកយើងគួរតែរួមសហការគ្នា ទាំងជាមួយតំបន់ឈូងសមុទ្រ ក៏ដូចជានៅទីនេះក្នុងតំបន់របស់យើងផ្ទាល់»

គួរបញ្ជាក់ថា ការវាយប្រហារសងសឹករបស់អ៉ីរ៉ង់លើអាមេរិកនិងអ៉ីស្រាអែល ដែលរួមមានទាំងការកំណត់គោលដៅលើកប៉ាល់ នៅច្រកសមុទ្រ Hormuz បានធ្វើឱ្យចរាចរណ៍កប៉ាល់ដែលមិនមែនជារបស់អ៉ីរ៉ង់ ឆ្លងកាត់ទីនោះ ដើម្បីនាំចេញប្រេងពីមជ្ឈិមបូព៌ា ជាប់គាំងសឹងទាំងស្រុង ហើយបង្ខំឱ្យការផលិតប្រេងនៅក្នុងតំបន់ ត្រូវបានកាត់បន្ថយ៕