គណបក្សរបស់អតីតតារារ៉េប ទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលនៅនេប៉ាល់ ក្រោយបាតុកម្មផ្តួលរំលំរដ្ឋាភិបាល (Video inside)
13-03-2026 13:47
(កដ្ឋមណ្ឌូ)៖ លទ្ធផលផ្លូវការបានបង្ហាញថា គណបក្សមួយដែលមានអាយុត្រឹម៣ឆ្នាំ បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសកល នាំឱ្យបេក្ខជនរបស់បក្សនោះ គឺលោក Balendra Shah ដែលជាអតីតតារាចម្រៀងរ៉េប ត្រៀមក្លាយជានាយករដ្ឋមន្រ្តីបន្ទាប់ ដើម្បីស្តារស្ថិរភាពនយោបាយក្នុងប្រទេសឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦។
ការបោះឆ្នោតសកលដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមីនា គឺជាការបោះឆ្នោតលើកដំបូង គិតចាប់តាំងពីនេប៉ាល់ បានផ្ទុះការធ្វើបាតុកម្មប្រឆាំងអំពើពុករលួយ កាលពីខែកញ្ញា ឆ្នាំ២០២៥ ដឹកនាំដោយក្រុមបាតុករជំនាន់ Gen Z ដែលបានសម្លាប់មនុស្ស៧៧នាក់ ហើយផ្តួលរលំរដ្ឋាភិបាល។
កាលពីថ្ងៃព្រហស្បតិ៍ គណៈកម្មការរៀបចំការបោះឆ្នោតនេប៉ាល់ បានប្រកាសលទ្ធផលជាផ្លូវការថា គណបក្ស RSP របស់លោក Shah ឈ្នះបានអាសនៈរហូតដល់១៨២ នៅក្នុងសភាដែលមានសមាជិកសរុប២៧៥នាក់។ វាគឺជាសំឡេងដ៏ច្រើនបំផុត គិតក្នុងរយៈពេលជាង៦ទសវត្សរ៍។ ប្រការនេះនាំឱ្យមានក្តីសង្ឃឹមចំពោះស្ថិរភាព នៅក្នុងប្រជាជាតិមួយ ដែលបានមើលឃើញ មានការប្តូរផ្លាស់រដ្ឋាភិបាល៣២លើក ក្នុងរយៈពេល៣៥ឆ្នាំចុងក្រោយ។
គួរបញ្ជាក់ថា ក្រោយការផ្ទុះបាតុកម្មផ្តួលរំលំរដ្ឋាភិបាល កាលពីខែកញ្ញា ឆ្នាំមុន អតីតប្រធានតុលាការកំពូល លោកស្រី Sushila Karki បានឡើងកាន់តួនាទីបណ្តោះអាសន្ន ជានាយករដ្ឋមន្រ្តីស្តីទី ជាមួយភារកិច្ចរៀបចំការបោះឆ្នោតសកលថ្មី៕







