កូរ៉េខាងត្បូង ត្រៀមស្វាគមន៍វត្តមាន​ លោក​ Macron សម្រាប់ទស្សនកិច្ចផ្លូវរដ្ឋនាខែក្រោយ (Video inside)

13-03-2026 16:09

(សេអ៊ូល)៖ លោកប្រធានាធិបតី Lee Jae Myung នឹងធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីបារាំង លោក Emmanuel Macron សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កូរ៉េខាងត្បូង ចន្លោះពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមេសា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ ២០២៦។

តាមសេចក្តីប្រកាសពីការរិយាល័ប្រធានាធិបតីកូរ៉េខាងត្បូង មេដឹកនាំទាំងពីរនឹងជួបគ្នានៅថ្ងៃទី៣ ខែមេសា សម្រាប់ពិធីស្វាគមន៍ជាផ្លូវការ កិច្ចពិភាក្សាកំពូល ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងពិធីទទួលអាហារថ្ងៃត្រង់កម្រិតរដ្ឋ។

សេចក្តីប្រកាសដដែលនោះបន្ថែមថា លោក Lee និងលោក​ Macron ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យដូចជា AI បច្ចេកវិទ្យាវៃឆ្លាត អវកាស និងថាមពលនុយក្លេអ៊ែរ ក៏ដូចជាបញ្ហាក្នុងតំបន់ និងពិភពលោក៕