មន្រ្តីសេដ្ឋកិច្ចកំពូលអាមេរិក-ចិន នឹងជួបពិភាក្សាគ្នានៅប៉ារីស មុនជំនួបត្រាំ-ស៉ី (Video inside)

13-03-2026 16:33

(វ៉ាស៉ីនតោន)៖ ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មន្ត្រីសេដ្ឋកិច្ចកំពូលមកពីសហរដ្ឋអាមេរិក និងចិន គ្រោងកោះប្រជុំនៅទីក្រុងប៉ារីស មុនពេលនៃជំនួបដែលបានគ្រោងទុករវាងប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយប្រធានាធិបតីចិន ស៉ី ចីនពីង នៅក្នុងខែមេសាខាងមុខ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ ២០២៦។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent នឹងជួបឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng (ហឺ លីហ្វឹង) នៅប្រទេសបារាំង ចន្លោះពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមីនា។ អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ក៏ត្រូវបានគេរំពឹងថានឹងចូលរួមដែរ។ ជំនួបនេះនឹងរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់ លោក ត្រាំ ទៅកាន់ទីក្រុងប៉េកាំង ជាទីដែលលោកត្រូវជួប លោក ស៉ី។

សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Fudan (ហ្វូតាន) លោក Wu Xinbo (អ៊ូ​ ស៉ីនប៉ូ)​ បានប្រាប់ AFP ថាកិច្ចពិភាក្សានេះទំនងជាចង់សម្រេចសមិទ្ធផលពាណិជ្ជកម្ម និងសេដ្ឋកិច្ច​ដែលត្រូវយកទៅប្រកាសក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំ។ ប៉ុន្តែវាស្ថិតក្នុងឆ្នាំដ៏ច្របូកច្របល់នៃទំនាក់ទំនងសេដ្ឋកិច្ចអាមេរិក-ចិន ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់តំណែងប្រធានាធិបតី។

គួរបញ្ជាក់ថា ទីក្រុង វ៉ាស៉ីនតោន និងទីក្រុងប៉េកាំង បានចូលទៅក្នុងជម្លោះពន្ធគយ កាលពីខែមេសា ឆ្នាំមុន ខណៈដែលចិនបានចាត់វិធានការឆ្លេីយតបចំពោះការដាក់ពន្ធរបស់ លោក ត្រាំ៕