ចិនបរិច្ចាគ ២០ម៉ឺនដុល្លារដល់គ្រួសារសិស្សសាលាអ៉ីរ៉ង់ ដែលស្លាប់ក្នុងការវាយប្រហារមីស៉ីលរបស់អាមេរិក (Video inside)
13-03-2026 16:54
(ប៉េកាំង)៖ នាថ្ងៃសុក្រ ទី១៣ ខែមីនា ចិនបានប្រកាសថា ខ្លួននឹងបរិច្ចាគថវិកាចំនួន២០០ ០០០ដុល្លារ ដល់ឪពុកម្តាយរបស់កូនសិស្ស ដែលបានបាត់បង់ជីវិត ក្នុងការវាយប្រហារមីស៉ីលរបស់អាមេរិក លើសាលារៀនមួយកន្លែងនៅប្រទេសអ៉ីរ៉ង់ អំឡុងការចាប់ផ្តើមដំបូងនៃសង្រ្គាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៉ីរ៉ង់ បានរាយការណ៍ថា ពិធីបុណ្យសពត្រូវរៀបចំឡើងសម្រាប់មនុស្សយ៉ាងហោច១៦៥នាក់ ក្នុងនោះភាគច្រើនជាកូនសិស្ស ដែលត្រូវបានសម្លាប់ អំឡុងការវាយប្រហារតាមផ្លូវអាកាស ចំលើសាលារៀននៅភាគខាងត្បូងប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃដំបូងនៃសង្រ្គាមរបស់អាមេរិកនិងអ៉ីស្រាអែល។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយថា កាកបាទក្រហមចិន នឹងបរិច្ចាគ ២០០០០០ដុល្លារ ជាជំនួយមនុស្សធម៌បន្ទាន់ដល់អឌ្ឍចន្ទក្រហមអ៉ីរ៉ង់ ដើម្បីចូលរួមរំលែកទុក្ខ និងផ្តល់ការឧបត្ថម្ភហិរញ្ញវត្ថុ ដល់ឪពុកម្តាយរបស់សិស្សដែលបានបាត់បង់ជីវិត។ លោក Guo បាននិយាយថា ការវាយប្រហារលើសាលារៀននិងកូនសិស្ស គឺជាទង្វើរំលោភបំពានធ្ងន់ធ្ងរបំផុតចំពោះច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍កាលពីថ្ងៃពុធសប្តាហ៍នេះ របស់កាសែតអាមេរិក The New York Times ការស៉ើបអង្កេតរបស់យោធាអាមេរិក ជាបឋមបានរកឃើញថា មីស៉ីល Tomahawk របស់សហរដ្ឋអាមេរិក បានវាយប្រហារចំសាលារៀនអ៉ីរ៉ង់នោះ ដោយសារកំហុសនៃការកំណត់គោលដៅ៕








