បារាំង និងអ៉ីតាលី បើកកិច្ចចរចាជាមួយអ៉ីរ៉ង់ ដើម្បីធានាសុវត្ថិភាពនាវាចរណ៍នៅច្រកសមុទ្រ Hormuz
13-03-2026 21:46
(ប៉ារីស)៖ នាថ្ងៃសុក្រនេះ យោងតាមសេចក្តីរាយការណ៍ពីកាសែត Financial Times ប្រទេសបារាំង និងអ៉ីតាលី បានបើកកិច្ចចរចាជាសម្ងាត់ជាមួយប្រទេសអ៉ីរ៉ង់ ដើម្បីស្វែងរកកិច្ចព្រមព្រៀងធានាសុវត្ថិភាព សម្រាប់នាវាចម្បាំង និងនាវាដឹកទំនិញរបស់ពួកគេ ឱ្យឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) បានដោយសុវត្ថិភាព។
កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនេះ បានកើតឡើងចំពេលដែលជម្លោះរវាងសម្ព័ន្ធមិត្តអាមេរិក-អ៉ីស្រាអែល និងប្រទេសអ៉ីរ៉ង់ កំពុងធ្វើឱ្យលំហូរនាវាចរណ៍នៅច្រកសមុទ្រ Hormuz ស្ទើរតែរាំងស្ទះទាំងស្រុង។ យ៉ាងណាមិញ ទីភ្នាក់ងារព័ត៌មាន Reuters មិនទាន់អាចផ្ទៀងផ្ទាត់ដោយឯករាជ្យបាននៅឡើយទេ ចំពោះព័ត៌មាននៃការចរចាខាងលើនេះ។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់បារាំង និងអ៉ីតាលី ក្នុងការទាក់ទងដោយផ្ទាល់ជាមួយទីក្រុងតេហេរ៉ង់ ឆ្លុះបញ្ចាំងពីក្តីបារម្ភយ៉ាងខ្លាំងរបស់បណ្តាប្រទេសអឺរ៉ុប ចំពោះផលប៉ះពាល់នៃសង្គ្រាមនេះមកលើសន្តិសុខថាមពល និងសេដ្ឋកិច្ចសកល។ មកទល់ពេលនេះ ចរាចរណ៍នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz បានធ្លាក់ចុះជិត ១០០ភាគរយ ខណៈអ៉ីរ៉ង់បានប្រកាសថា រាល់នាវាដែលឆ្ពោះទៅកាន់ប្រទេសគូប្រជែង នឹងត្រូវចាត់ទុកជា «គោលដៅយោធាស្របច្បាប់»៕




