លោក ហ្សេលេនស្គី៖ ការបន្ធូរបន្ថយទណ្ឌកម្មប្រេងរុស្ស៊ី មិនមែនជាផ្លូវឆ្ពោះទៅរកសន្តិភាពនៅអ៊ុយក្រែនទេ (Video inside)
13-03-2026 22:44
(ប៉ារីស)៖ នាថ្ងៃសុក្រ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបន្ធូរបន្ថយទណ្ឌកម្មលើប្រេងរុស្ស៊ី ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេងដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា មិនមែនជាការជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ ហើយថែមទាំងអាចផ្តល់ប្រាក់ចំណូលរាប់ពាន់លានដុល្លារដល់រុស្ស៊ីទៀតផង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters។
ថ្លែងក្នុងសន្និសីទកាសែតរួមគ្នាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា «ការបន្ធូរបន្ថយទណ្ឌកម្មនេះ អាចផ្តល់ឱ្យរុស្ស៊ីនូវទឹកប្រាក់ប្រហែល ១០ពាន់លានដុល្លារសម្រាប់ធ្វើសង្គ្រាម។ វាពិតជាមិនមែនជាការជួយឱ្យសម្រេចបាននូវសន្តិភាពឡើយ»។ ទន្ទឹមគ្នានេះ លោកបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងថា ជម្លោះនៅមជ្ឈិមបូព៌ាកំពុងទាញយកការចាប់អារម្មណ៍ និងធនធានអាវុធ ជាពិសេសប្រព័ន្ធការពារដែនអាកាស ពីអ៊ុយក្រែនទៅវិញ ដោយលោកលើកឡើងថា បណ្តាប្រទេសឈូងសមុទ្រអារ៉ាប់បានប្រើប្រាស់មីស៊ីលការពារ PAC-3 ច្រើនជាងអ្វីដែលអ៊ុយក្រែនទទួលបានពីអាមេរិកក្នុងរយៈពេល ៤ឆ្នាំមកនេះ។
គួរបញ្ជាក់ថា បារាំងបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដល់អ៊ុយក្រែន ដោយលោក ម៉ាក្រុង បានសន្យាថា នឹងពន្លឿនការផ្តល់ជំនួយអាវុធបន្ថែមទៀត ហើយបានអះអាងថា ប្រសិនបើរុស្ស៊ីយល់ថា សង្គ្រាមនៅអ៉ីរ៉ង់នឹងធ្វើឱ្យខ្លួនមានឱកាសដកដង្ហើមក្នុងសង្គ្រាមនៅអ៊ុយក្រែននោះ គឺជារឿងខុសឆ្គងទាំងស្រុង។ ទន្ទឹមនឹងការស្វែងរកជំនួយពីលោកខាងលិច លោក ហ្សេលេនស្គី កំពុងព្យាយាមបង្ហាញខ្លួនថាជាដៃគូដ៏ជឿជាក់សម្រាប់បណ្តាប្រទេសឈូងសមុទ្រ ដោយបានផ្តល់ជូននូវបច្ចេកវិទ្យាស្ទាក់ចាប់ដ្រូនរបស់អ៊ុយក្រែន ជាថ្នូរនឹងការស្នើសុំមីស៊ីលការពារដែនអាកាសមកវិញផងដែរ៕





