តួកគីយ៉េ ស្នើឱ្យអ៉ីរ៉ង់បកស្រាយ ខណៈប្រព័ន្ធការពារដែនអាកាស NATO បាញ់ស្ទាក់មីស៉ីលអ៉ីរ៉ង់ ជាលើកទី៣ (Video inside)
14-03-2026 11:43
(អង់ការ៉ា)៖ ក្រសួងការពារជាតិតួកគីយ៉េ កាលពីថ្ងៃសុក្រសប្តាហ៍នេះបានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់អង្គការណាតូ (NATO) នៅភាគខាងកើតតំបន់មេឌីទែរ៉ាណេ បានស្ទាក់ចាប់មីស៉ីលបាលីស្ទីគទី៣ ដែលត្រូវបានបាញ់ចេញពីអ៉ីរ៉ង់ឆ្ពោះមកកាន់តួកគីយ៉េ ដោយបន្ថែមថា ខ្លួនកំពុងស្នើឱ្យទីក្រុងតេហេរ៉ង់ចេញការបំភ្លឺ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ ២០២៦។
ក្រសួងការពារជាតិតួកគីយ៉េ បានលើកឡើងថា «វិធានការចាំបាច់ទាំងអស់ កំពុងត្រូវបានចាត់ចែងយ៉ាងម៉ឺងម៉ាត់ និងដោយគ្មានភាពស្ទាក់ស្ទើរ ដើម្បីប្រឆាំងរាល់ការគំរាមកំហែងសំដៅមកទឹកដី និងដែនអាកាសរបស់ប្រទេស។ ការពិគ្រោះយោបល់កំពុងធ្វើឡើងជាមួយប្រទេសពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ពីទិដ្ឋភាពទាំងអស់នៃឧបទ្ទវហេតុនេះ»។ ភ្លាមៗមិនទាន់មានការបញ្ជាក់ពីអ៉ីរ៉ង់ទេ ប៉ុន្តែកន្លងមកធ្លាប់ច្រានចោលបំណងកំណត់គោលដៅលើតួកគីយ៉េ ចំពោះមុខសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។
គួរបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសណាតូ បានបាញ់ទម្លាក់មីស៉ីលបាលីស្ទីគអ៉ីរ៉ង់ ដែលបាញ់មកលើតួកគីយ៉េ កាលពីថ្ងៃទី៤ ខែមីនា និងនៅថ្ងៃទី៩ ខែមីនា។ គ្រាប់ដំបូងត្រូវបានបាញ់ស្ទាក់ អំឡុងពេលហោះចូលមក រីឯគ្រាប់ទី២ ត្រូវបានទម្លាក់ពេលហោះបានចូលដល់តួកគីយ៉េ។ បន្ទាប់ពីមានឧបទ្ទវហេតុនេះ ណាតូបានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Patriot របស់សហរដ្ឋអាមេរិក ទៅកាន់ខេត្ត Malatya ភាគអាគ្នេយ៍ប្រទេសតួកគីយ៉េ ដើម្បីបង្កើនការការពារមូលដ្ឋានរ៉ាដា Kurecik នៃសម្ព័ន្ធមិត្តណាតូ នៅទីនោះ៕







