គុយបា បើកកិច្ចពិភាក្សាជាមួយអាមេរិក ខណៈការបិទផ្លូវប្រេង ជះផលប៉ះពាល់ដល់សេដ្ឋកិច្ច (Video inside)
14-03-2026 13:31
(ឡាហាវ៉ាន)៖ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានឱ្យដឹងថា គុយបាបានបើកកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលការបិទខ្ទប់ផ្លូវដើម្បីទទួលបានប្រេង ដែលដាក់ចេញដោយប្រធានាធិបតី ដូណាល់ ត្រាំ ជំរុញឱ្យប្រទេសនេះធ្លាក់កាន់តែជ្រៅទៅក្នុងវិបត្តិសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ ២០២៦។
ក្នុងសុន្ទរកថាជាវីដេអូផ្សព្វផ្សាយតាមទូរទស្សន៍រដ្ឋ លោក Diaz-Canel បញ្ជាក់ថា «ការពិភាក្សាមានគោលបំណង ស្វែងរកដំណោះស្រាយតាមរយៈកិច្ចសន្ទនា ជុំវិញភាពខ្វែងគំនិតគ្នា»។ លោក Diaz-Canel ក៏បានសម្តែងក្តីរំពឹងផងដែរថា កិច្ចសន្ទនាអាចកែប្រែប្រទេសទាំងពីរ ឱ្យចៀសឆ្ងាយពីការប្រឈមមុខគ្នា។
គួរបញ្ជាក់ថា ប្រជាជនគុយបា ដែលហត់នឿយដោយវិបត្តិសេដ្ឋកិច្ច អស់ច្រើនឆ្នាំមកហើយ ឥឡូវនេះ ត្រូវរស់ដោយគ្មានអគ្គិសនីប្រើប្រាស់ ច្រើនក្នុងមួយសប្តាហ៍។ ការកើនឡើងថ្លៃចំណាយ តម្លៃប្រេងឥន្ធនៈ និងកង្វះថ្នាំពេទ្យដែលយ៉ាប់យ៉ឺនស្រាប់ ជំរុញមនុស្សជាច្រើនទ្រាំទ្រលែងបាន។
ចាប់តាំងពីសហរដ្ឋអាមេរិក ចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ ដែលជាអ្នកផ្គង់ផ្គង់បរទេសដ៏សំខាន់បំផុតសម្រាប់គុយបា នៅក្នុងខែមករា លោក ត្រាំ បានកាត់ផ្តាច់ការដឹកជញ្ជូនប្រេង ពីប្រទេសវ៉េណេស៊ុយអេឡាទៅគុយបា ជាមួយការគំរាមយកពន្ធលើប្រទេសណា ដែលលក់ប្រេងទៅឱ្យគុយបា។ លោក ត្រាំ ថ្មីៗនេះ ថែមទាំងបាននិយាយពីលទ្ធភាពគ្រប់គ្រងលើគុយបាទៀតផង៕







