កូរ៉េខាងជើង បាញ់តេស្តមីស៉ីលបាលីស្ទីគប្រហែល ១០គ្រាប់ ចូលទៅក្នុងសមុទ្រ (Video inside)

14-03-2026 15:05

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា នៅថ្ងៃសៅរ៍នេះ កូរ៉េខាងជើងបានធ្វើតេស្តមីស៉ីលបាលីស្ទីគជាង ១០គ្រាប់ ដោយបាញ់ចូលសមុទ្រ ស្របពេលកងកម្លាំងអាមេរិក និងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធយោធារួមគ្នា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ ២០២៦។

ឆ្មាំសមុទ្រជប៉ុននិយាយថា ខ្លួនបានរកឃើញវត្ថុដែលអាចជាមីស៉ីលផ្លោង ធ្លាក់ក្នុងសមុទ្រ។ ដោយដកស្រង់ប្រភពយោធា ទូរទស្សន៍ NHK រាយការណ៍ថា វាហាក់ដូចជាធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា មីស៉ីលត្រូវ​បាន​បាញ់​ចេញ​ពី​តំបន់​ក្បែរ​រដ្ឋធានី​ព្យុងយ៉ាង ​វេលាម៉ោង​ប្រហែល ១ និង ២០នាទី​រសៀល ឆ្ពោះទៅសមុទ្រនៅឆ្នេរភាគខាងកើតកូរ៉េខាងជើង។ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៉ីនតោន ក្នុងសប្តាហ៍នេះ បានចាប់ផ្តើមសមយុទ្ធយោធាដ៏សំខាន់ប្រចាំឆ្នាំ នៅក្នុងប្រទេសកូរ៉េខាងត្បូង៕