UN ស្វែងរកថវិកាជាង៣០០លានដុល្លារសម្រាប់ជួយលីបង់ ខណៈការវាយប្រហាររបស់អ៉ីស្រាអែល បង្ខំឱ្យមនុស្ស៨សែននាក់រត់ភៀសខ្លួន

14-03-2026 19:11

(បេរូត)៖ កាលពីថ្ងៃសុក្រ ទី១៣ ខែមីនា អង្គការសហប្រជាជាតិ (UN) បានស្នើសុំថវិកាបន្ទាន់ចំនួន៣០៨លានដុល្លារ ដើម្បីយកទៅជួយប្រទេសលីបង់ ដោះស្រាយផលវិបាកកើតចេញពីការវាយប្រហាររបស់អ៉ីស្រាអែល ដែលបានបង្ខំឱ្យមនុស្សប្រមាណ​៨០០ ០០០នាក់ ឬស្មើនឹងជាង១ភាគ៧នៃប្រជាជនសរុបរបស់លីបង់ ត្រូវរត់ភៀសខ្លួនពីលំនៅដ្ឋាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អំឡុងទស្សនកិច្ចនៅទីក្រុងបេរូតផ្ទាល់ អគ្គលេខាធិការ UN លោក Antonio Guterres បាននិយាយថា ការបង្ហាញសាមគ្គីភាព​តាមពាក្យសម្តី ក៏ចាំបាច់ទាមទារឱ្យមាន ការបង្ហាញសាមគ្គីតាមសកម្មភាពជាក់ស្តែងផងដែរ។ ក្រុមអង្គការមនុស្សធម៌ បាននិយាយថា វិបត្តិពិភពលោក បានរឹតត្បិតសមត្ថភាពឆ្លើយតបរបស់ពួកគេនៅលីបង់ ដែលជាប្រទេសមួយរងគ្រោះខ្លាំងរួចស្រាប់ ដោយសារការដួលរលំសេដ្ឋកិច្ចកាលពីឆ្នាំ២០១៩ ការផ្ទុះកំពង់ផែយ៉ាងកក្រើក កាលពីឆ្នាំ២០២០ និងសង្រ្គាមកាលពីឆ្នាំ២០២៤រវាងក្រុមហេសបូឡា និងអ៉ីស្រាអែល។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានបើកយុទ្ធនាការវាយប្រហារប្រឆាំងក្រុមហេសបូឡា ក្នុងទ្រង់ទ្រាយធំសាជាថ្មី កាលពីសប្តាហ៍មុន បន្ទាប់ពីក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់មួយនេះ បានបាញ់ផ្លោងទៅលើខ្លួនកាលពីថ្ងៃទី២ ខែមីនា ដើម្បីសងសឹកការសម្លាប់​មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei។

ក្រុមហេសបូឡា បានរក្សាការវាយប្រហារដោយរ៉ុក្កែតនិងដ្រូនរបស់ខ្លួនជារៀងរាល់ថ្ងៃ ខណៈអ៉ីស្រាអែលបានពង្រីកប្រតិបត្តិការជើងគោក និងការវាយប្រហារតាមផ្លូវអាកាស ដោយទម្លាក់គ្រាប់បែកលើរដ្ឋធានីបេរូត និងផ្នែកដទៃទៀតនៃប្រទេសលីបង់។ មកទល់ពេលនេះ មនុស្សជិត៧០០នាក់ត្រូវបានសម្លាប់នៅលីបង់ ហើយជាង៨០០ ០០០នាក់ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែង ដោយសារតែបទបញ្ជារបស់អ៉ីស្រាអែល ឱ្យប្រជាជនលីបង់ចាកចេញពីទឹកដីមួយភាគធំនៃប្រទេសរបស់ពួកគេ៕