អ៉ីស្រាអែលប្រកាសថា សង្រ្គាមអ៉ីរ៉ង់ឈានដល់ដំណាក់កាលសំខាន់ ក្រោយការប្រយុទ្ធគ្នាបន្តអូសបន្លាយ២សប្តាហ៍
14-03-2026 22:25
(ហ៊្សេរុយសាឡិម)៖ នាថ្ងៃសៅរ៍ ទី១៤ ខែមីនា អ៉ីស្រាអែលបានប្រកាសថា សង្រ្គាមរបស់ខ្លួនរួមជាមួយសហរដ្ឋអាមេរិកប្រឆាំងអ៉ីរ៉ង់ កំពុងឈានដល់ដំណាក់កាលសំខាន់ ខណៈដែលស្នូរផ្ទុះបន្តលាន់លឺ នៅតាមបណ្តាទីក្រុងពាសពេញតំបន់មជ្ឈិមបូព៌ា ហើយស្ថានទូតអាមេរិកនៅអ៉ីរ៉ាក់ និងទីតាំងប្រេងធំមួយកន្លែងនៅអេមីរ៉ាតអារ៉ាប់រួម បានរងការវាយប្រហារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ផ្សែងខ្មៅបានហុយឡើងលើផ្ទៃមេឃ ចេញពីទីតាំងស្ថានទូតរបស់ទីក្រុងវ៉ាស៉ីនតោន ប្រចាំនៅទីក្រុងបាកដាដនៃប្រទេសអ៉ីរ៉ាក់។ នេះជាលើកទី២ហើយ ដែលវាត្រូវបានកំណត់គោលដៅ គិតតាំងពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលអាមេរិកនិងអ៉ីស្រាអែល បានបើកការវាយប្រហារលើអ៉ីរ៉ង់ ហើយរុញច្រានមជ្ឈិមបូព៌ាទាំងមូលធ្លាក់ក្នុងភ្លើងជម្លោះ ដែលបានធ្វើឱ្យញ័ររញ្ជួយសេដ្ឋកិច្ចសកល។
មនុស្សសរុបរាប់លាននាក់បានរត់ភៀសខ្លួន ដោយសារតែការវាយប្រហាដោយដ្រូន មីស៉ីល និងការទម្លាក់គ្រាប់បែករជាបន្តបន្ទាប់ ខណៈមនុស្សជាង១២០០នាក់ ត្រូវបានរាយការណ៍ថាស្លាប់នៅក្នុងប្រទេសអ៉ីរ៉ង់ ហើយមកទល់ពេលនេះ មានសញ្ញាតិចតួចបំផុត ដែលថាជម្លោះនឹងថមថយទៅវិញ ស្របពេលដែលវាបន្តឆ្លងចូលដល់សប្តាហ៍ទី៣។
ដុំពពកនៃផ្សែងខ្មៅក្រាស់ឃ្មឹក ក៏បានហុយឡើងផងដែរចេញពីទីក្រុង Fujairah នាថ្ងៃសៅរ៍នេះ ដែលជាមូលដ្ឋានស្តុកនិងនាំចេញប្រេងដ៏ធំមួយរបស់អាមីរ៉ាត់អារ៉ាប់រួម មិនយូរប៉ុន្មានបន្ទាប់ពីយោធាអ៉ីរ៉ង់បានព្រមានឱ្យជនស៉ីវិល ចៀសវាងកុំនៅក្បែរមូលដ្ឋានយោធា ឬតំបន់កំពង់ផែរបស់ប្រទេសអារ៉ាប់មួយនេះ។
រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz បាននិយាយថា សង្រ្គាមនាពេលនេះ កំពុងឈានដល់ដំណាក់កាលដ៏សំខាន់ ហើយបានព្រមានថា វានឹងបន្តរហូតដល់ទីបញ្ចប់។ យ៉ាងណាមិញ ទោះបីប្រឈមមុខជាមួយអានុភាពយោធាខ្លាំងក្លា របស់អាមេរិកនិងអ៉ីស្រាអែលក៏ដោយ អ៉ីរ៉ង់ហាក់បានប្តេជ្ញាយ៉ាងរឹងមាំ ដើម្បីបន្តការប្រយុទ្ធរបស់ខ្លួន។ អ៉ីរ៉ង់បានបាញ់មីស៉ីលនិងដ្រូន លើប្រទេសក្បែរខាងយ៉ាងហោច១០ ហើយបានរឹតត្បិតសឹងទាំងស្រុងចំពោះចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលមានសារសំខាន់ជាខ្លាំង សម្រាប់ការដឹកជញ្ជូនប្រេងនិងឧស្ម័ន៕






