ប្រធានាធិបតី ដូណាល់ ត្រាំ អំពាវនាវឱ្យប្រទេសដទៃទៀត ចូលរួមបញ្ជូននាវាចម្បាំងទៅការពារសុវត្ថិភាពនៅច្រកសមុទ្រ Hormuz
14-03-2026 23:08
(វ៉ាស៉ីនតោន)៖ នាថ្ងៃសៅរ៍ ទី១៤ ខែមីនា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យបណ្តាប្រទេសដទៃទៀត នាំគ្នាចូលរួមបញ្ជូននាវាចម្បាំងទៅជួយធានាសន្តិសុខនៅច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវដ៏សំខាន់សម្រាប់ការផ្គង់ផ្គត់ប្រេងរបស់ពិភពលោក ដែលកំពុងរងការរំខានដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
បន្ទាប់ពីបានអះអាងថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមបញ្ជូននាវាយោធាទៅអមដំណើរការពារកប៉ាល់ដឹកប្រេង ឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងពេលឆាប់ៗ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថាប្រទេសជាច្រើន រួមមានទាំងបណ្តាប្រទេសដែលរងផលប៉ះពាល់ពីការប៉ុនប៉ងរបស់អ៉ីរ៉ង់ ដើម្បីបិទច្រកសមុទ្រ Hormuz នឹងចូលរួមបញ្ជូននាវាចម្បាំង ស្របជាមួយសហរដ្ឋអាមេរិក ដើម្បីរក្សាឱ្យច្រកសមុទ្រនោះនៅបើកចំហ និងមានសុវត្ថិភាព។
លោកប្រធានាធិបតីអាមេរិក បានបន្ថែមថា «សង្ឃឹមថាចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ចក្រភពអង់គ្លេស ក៏ដូចជាប្រទេសដទៃទៀត ដែលរងផលប៉ះពាល់ពីការរឹតត្បិតសិប្បនិម្មិតនេះ នឹងបញ្ជូននាវាចម្បាំងទៅកាន់តំបន់នោះ»។
គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz ជាទីដែលប្រេងនិងឧស្ម័នប្រមាណ២០ភាគរយរបស់ពិភពលោក ធ្វើដំណើរឆ្លងកាត់ជាប្រចាំ បានជាប់គាំងការធ្វើចរាចរណ៍សឹងតែទាំងស្រុង ចាប់តាំងពីអាមេរិកនិងអ៉ីស្រាអែល បានបើកការវាយប្រហារលើអ៉ីរ៉ង់ ហើយរុញច្រានឱ្យតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ក្នុងភ្លើងជម្លោះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ចាប់តាំងពីពេលនោះមក កប៉ាល់មួយចំនួនបានរងការវាយប្រហារ ពេលព្យាយាមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz៕






