លោក ហ្សេលេនស្គី៖ អ៊ុយក្រែនមិនចង់បាត់បង់ការគាំទ្រពីសហរដ្ឋអាមេរិក ដោយសារតែសង្រ្គាមអ៉ីរ៉ង់ឡើយ

15-03-2026 16:24

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាអ៊ុយក្រែនមិនចង់បាត់បង់ការគាំទ្រពីសហរដ្ឋអាមេរិក នៅក្នុងការប្រយុទ្ធតស៊ូរបស់ខ្លួនប្រឆាំងនឹងរុស្ស៉ី ដោយសារតែសង្រ្គាមរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយអ៉ីរ៉ង់នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «យើងមិនចង់បាត់បង់សហរដ្ឋអាមេរិកនោះទេ បើទោះជាការពិត ពួកគេបច្ចុប្បន្នកំពុងជាប់ដៃនៅមជ្ឈិមបូព៌ាក៏ដោយ»។ ការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី ទើបតែត្រូវបានចេញផ្សាយនៅថ្ងៃអាទិត្យនេះ។

លោក ហ្សេលេនស្គីបន្ថែមថា អ៊ុយក្រែនបានបង្ហាញឆន្ទៈក្នុងការជួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកក្នុងតំបន់មជ្ឈិមបូព៌ាតាមរយៈការបញ្ជូនអ្នកជំនាញបាញ់ទម្លាក់ដ្រូន ហើយលោកផ្ទាល់សង្ឃឹមថានៅចុងបញ្ចប់ សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោល ឬបែរខ្នងដាក់អ៊ុយក្រែននោះទេពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន៕