ជប៉ុនថាមិនទាន់សម្រេចចិត្ត ខណៈអូស្រ្តាលីថានឹងមិនបញ្ជូននាវាទៅច្រកសមុទ្រ Hormuz ឡើយ ក្រោយការអំពាវនាវរបស់លោក ត្រាំ (Video inside)
16-03-2026 11:21
(តូក្យូ)៖ នាថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា ជប៉ុននាពេលនេះមិនទាន់មានផែនការ បញ្ជូននាវាយោធាទៅអមដំណើរកប៉ាល់ដឹកប្រេង នៅតំបន់មជ្ឈិមបូព៌ាឡើយ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកូកប្រកាសឱ្យសម្ព័ន្ធមិត្ត ជួយការពារសុវត្ថិភាពនៅច្រកសមុទ្រ Hormuz ដែលកំពុងជួបបញ្ហាសន្តិសុខដោយសារតែសង្រ្គាមអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦។
លោក Takaichi បានប្រាប់សភាជប៉ុនដូច្នេះថា «យើងមិនទាន់សម្រេចចិត្តអ្វីទាំងអស់ អំពីការបញ្ជូននាវាអមដំណើរ។ យើងកំពុងបន្តពិនិត្យមើលលើអ្វីដែលជប៉ុនអាចធ្វើបានដោយខ្លួនឯង និងអ្វីដែលអាចធ្វើបាននៅក្រោមក្របខណ្ឌច្បាប់»។ ចុងសប្តាហ៍កន្លងទៅនេះ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម អំពាវនាវឱ្យសម្ព័ន្ធមិត្តអាមេរិក រួមមានទាំងជប៉ុន ជួយការពារការដឹកជញ្ជូនប្រេងនិងឧស្ម័នកាត់ច្រកសមុទ្រ Hormuz។ ប្រការនេះធ្វើឱ្យទីក្រុងតូក្យូស្ថិតលើជំហរពិបាកមួយ ដោយសារតែរដ្ឋធម្មនុញ្ញបោះបង់សង្រ្គាមរបស់ប្រទេសជប៉ុន រឹតត្បិតវិសាលភាពនៃប្រតិបត្តិការយោធា ដែលខ្លួនបានធ្វើទៅបាន។ បើតាមលោក ស្រី Takaichi អាមេរិក មិនទាន់បានស្នើសុំការជួយជាផ្លូវការ ជុំវិញបញ្ហាខាងលើនៅឡើយទេ។
ដោយឡែក នៅថ្ងៃចន្ទដដែលនេះ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃប្រទេសអូស្រ្តាលី បានប្រកាសថា អូស្រ្តាលីនឹងមិនបញ្ជូននាវាយោធាទៅកាន់ច្រកសមុទ្រ Hormuz ឡើយ។ រដ្ឋមន្រ្តីលោកស្រី Catherine King បាននិយាយយ៉ាងដូច្នេះថា «យើងនឹងមិនបញ្ជូននាវាទៅច្រកសមុទ្រ Hormuz ទេ។ យើងដឹងថាច្រកសមុទ្រនោះមានសារសំខាន់ខ្លាំងកម្រិតណា ប៉ុន្តែវាមិនមែនជាអ្វីដែលយើងត្រូវបានស្នើ ឬក៏អ្វីដែលយើងនឹងចូលរួមចំណែក នោះឡើយ»។
គួរបញ្ជាក់ថា ការដឹកជញ្ជូនប្រេងចេញពីតំបន់មជ្ឈិមបូព៌ា កាត់ច្រកសមុទ្រ Hormuz ដែលទទួលបន្ទុកប្រមាណ២០ភាគរយ នៃប្រេងនិងឧស្ម័នផ្គត់ផ្គង់របស់ពិភពលោក បានជាប់គាំងសឹងទាំងស្រុង ចាប់តាំងពីអាមេរិកនិងអ៉ីស្រាអែល បានវាយប្រហារលើអ៉ីរ៉ង់ កាលពីថ្ងៃចុងខែកុម្ភៈ ហើយបានរុញច្រានឱ្យតំបន់មជ្ឈិមបូព៌ាទាំងមូល ធ្លាក់ក្នុងភ្លើងជម្លោះ៕








