អ៉ីស្រាអែល ប្រកាសបើកប្រតិបត្តិការយោធាតាមផ្លូវគោកប៉ុន្តែមានដែនកំណត់ ប្រឆាំងក្រុមហេសបូឡា នៅភាគខាងត្បូងលីបង់ (Video inside)

16-03-2026 15:12

(ហ៊្សេរុយសាឡិម)៖ នាថ្ងៃចន្ទ ទី១៦ ខែមីនា យោធាអ៉ីស្រាអែលបានប្រកាសចាប់ផ្តើម នូវអ្វីដែលខ្លួនហៅថា «ប្រតិបត្តិការជើងគោកមានដែនកំណត់» ប្រឆាំងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យោធាអ៉ីស្រាអែល បាននិយាយថា «កងទ័ពមកពីកងពលលេខ៩១ បានចាប់ផ្តើមប្រតិបត្តិការជើងគោក ដែលមានកម្រិតនិងកំណត់គោលដៅជាក់លាក់ ប្រឆាំងមូលដ្ឋានសំខាន់ៗរបស់ហេសបូឡា នៅភាគខាងត្បូងលីបង់ ក្នុងគោលបំណង​ពង្រឹងតំបន់ការពារជួរមុខ ខណៈសកម្មភាពនេះ ជាផ្នែកនៃកិច្ចប្រឹងប្រែងការពារទូលំទូលាយ ដើម្បីបង្កើតនិងពង្រឹងជំហរគោលការពារជួរមុខ ដែលរួមមានការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធភេរវករ និងការកម្ចាត់ពួកភេរវករ ដែលធ្វើប្រតិបត្តិការនៅតំបន់នោះ ដើម្បីលុបបំបាត់ការគំរាមកំហែង ហើយបង្កើតស្រទាប់ការពារសន្តិសុខបន្ថែម សម្រាប់ប្រជាជនដែលរស់នៅភាគខាងជើងអ៉ីស្រាអែល»

យោធាអ៉ីស្រាអែល បានបន្តថា «មុនការចល័តទ័ពចូលទៅក្នុងតំបន់ កងកម្លាំងការពារជាតិអ៉ីស្រាអែល បានបើកការវាយប្រហារដោយទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ ប្រឆាំងគោលដៅភេរវករជាច្រើនកន្លែង ដើម្បីកាត់បន្ថយការគំរាមកំហែង នៅក្នុងទីតាំងធ្វើប្រតិបត្តិការ»

គួរបញ្ជាក់ថា លីបង់ត្រូវបានទាញធ្លាក់ចូលក្នុងសង្រ្គាមនៅមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា នៅពេលក្រុមហេសបូឡាដែលគាំទ្រដោយ​អ៉ីរ៉ង់ បានបើកការវាយប្រហារលើអ៉ីស្រាអែល ដើម្បីសងសឹកការសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei អំឡុងការវាយប្រហាររួមគ្នារបស់អ៉ីស្រាអែលនិងអាមេរិក លើប្រទេសអ៉ីរ៉ង់។ គិតមកទល់ពេលនេះ មនុស្សលើស៨៥០នាក់ បានបាត់បង់ជីវិត ដោយសារការវាយប្រហាររបស់អ៉ីស្រាអែល នៅលីបង់៕