ចិនគ្រោងផ្តល់ជំនួយមនុស្សធម៌ដល់បណ្តាប្រទេសមជ្ឈិមបូព៌ា ដែលរងគ្រោះព្រោះតែសង្រ្គាម បង្កឡើងដោយអាមេរិកនិងអ៉ីស្រាអែល (Video inside)
17-03-2026 15:39
(ប៉េកាំង)៖ នាថ្ងៃអង្គារ ទី១៧ ខែមីនា ចិនបាននិយាយថា ខ្លួននឹងផ្តល់ជំនួយមនុស្សធម៌ដល់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា រួមមានទាំងអ៉ីរ៉ង់និងលីបង់ ដែលបានរងគ្រោះ ក្នុងសង្រ្គាមបង្កឡើងដោយសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល តាំងពីចុងខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានលើកឡើងដូច្នេះថា «ប្រទេសចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ដល់ប្រទេសអ៉ីរ៉ង់ លីបង់ អ៉ីរ៉ាក់ និងហ៊្សកដានី ក្រោមក្តីសង្ឃឹមថា វានឹងអាចជួយសម្រាលទុក្ខលំបាកផ្នែកមនុស្សធម៌ ដែលប្រជាជននៅក្នុងប្រទេសទាំងនោះ កំពុងតែប្រឈមមុខ»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន កាកបាទក្រហមចិន ក៏បានប្រកាសផ្តល់ជំនួយមនុស្សធម៌ ២០០០០០ដុល្លារផងដែរ ដល់អ៉ីរ៉ង់ ដើម្បីជួយគ្រួសាររបស់ជនរងគ្រោះ ក្នុងករណីវាយប្រហារចំសាលារៀនស្លាប់មនុស្សជាច្រើននាក់ អំឡុងថ្ងៃដំបូងនៃយុទ្ធនាការយោធាអាមេរិក-អ៉ីស្រាអែល។ សង្រ្គាមដែលកំពុងឆាបឆេះរាលដាលទូទាំងតំបន់មជ្ឈិមបូព៌ា បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលអាមេរិករួមដៃជាមួយអ៉ីស្រាអែល បើកការវាយប្រហារលើអ៉ីរ៉ង់ ជាហេតុនាំឱ្យអ៉ីរ៉ង់សងសឹកវិញ៕









