ការវាយប្រហារទីក្រុងកំពង់ផែ Fujairah និងវាលអណ្តូងឧស្ម័ន Shah របស់អេមីរ៉ាត់អារ៉ាប់រួម បន្ថែមការរំខានដល់វិស័យថាមពល (Video inside)
17-03-2026 16:11
(ឌូបៃ)៖ គិតត្រឹមថ្ងៃអង្គារ ទី១៧ ខែមីនា វាលកំណប់ឧស្ម័ន Shah មិនទាន់អាចធ្វើប្រតិបត្តិការឡើងវិញបានទេ បន្ទាប់ពីរងគ្រោះដោយដ្រូន ខណៈការវាយប្រហារមួយទៀត បង្កឱ្យមានអគ្គីភ័យក្នុងទីក្រុងកំពង់ផែ Fujairah ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UEA) ដែលជាស្ថានីយនាំចេញដ៏សំខាន់ និងជាទីដែលការបូមប្រេងរបស់ក្រុមហ៊ុនរដ្ឋ ADNOC ត្រូវផ្អាក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
វាលកំណប់ឧស្ម័ន Shah ស្ថិតនៅចម្ងាយប្រហែល ១៨០គីឡូម៉ែត្រភាគនិរតីទីក្រុង Abu Dhabi និងជាប្រភពធំជាងគេបំផុតមួយ លើពិភពលោក។ វាលកំណប់ឧស្ម័ននេះ ដំណើរការដោយក្រុមហ៊ុនប្រេងយក្សអារ៉ាប៊ីសាអូឌីត ADNOC បណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Occidental Petroleum ផ្គត់ផ្គង់ឧស្ម័នយ៉ាងហោចណាស់ ៥០០លានហ្វីតគូបជារៀងរាល់ថ្ងៃ ដល់បណ្តាញក្នុងស្រុក។
ទិន្នផលប្រេងឆៅប្រចាំថ្ងៃ ពីក្រុមហ៊ុនផលិតប្រេងលំដាប់ទី ៣ របស់អង្គការ OPEC មួយនេះ បានធ្លាក់ចុះជាងពាក់កណ្តាល តាំងពីជម្លោះផ្ទុះឡើង ដោយការបិទច្រកសមុទ្រ Hormuz បង្ខំឱ្យ ADNOC អនុវត្តការបិទផលិតកម្មយ៉ាងទូលំទូលាយ។ ការដឹកជញ្ជូនប្រេងឆៅរបស់ក្រុមហ៊ុន ADNOC នៅតែផ្អាកក្នុងទីក្រុងកំពង់ផែ Fujairah។ Fujairah បានរងការវាយប្រហារជាបន្តបន្ទាប់ ហើយជាធម្មតាជាប្រភពផ្គត់ផ្គង់ប្រេងឆៅ Murban ជាង ១លានបារ៉ែលក្នុងមួយថ្ងៃ។
គួរបញ្ជាក់ថា បណ្តាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រពែក្ស រួមទាំងអេមីរ៉ាត់អារ៉ាប់រួម ប្រឈមមុខនឹងការវាយប្រហារដោយមីស៉ីល និងដ្រូនជាង ២០០០គ្រឿង ចាប់តាំងពីមានសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ការវាយប្រហារកាលពីថ្ងៃចន្ទ បានបន្ថែមការរំខានដល់វិស័យថាមពលរបស់អេមីរ៉ាត់អារ៉ាប់រួម៕







