អ៉ីស្រាអែលអះអាងថា ប្រធានក្រុមប្រឹក្សាសន្តិសុខ និងមេបញ្ជាការទាហានប៉ារ៉ារបស់អ៉ីរ៉ង់ ត្រូវបានសម្លាប់

17-03-2026 16:41

(ហ៊្សេរុយសាឡិម)៖ នាថ្ងៃអង្គារ ទី១៧ ខែមីនា យោធាអ៉ីស្រាអែល បានអះអាងថា ខ្លួនបានផ្តាច់ជីវិតមេបញ្ជាការរបស់កងម្លាំងយោធាប៉ារ៉ាស្ម័គ្រចិត្ត Basij នៃប្រទេសអ៉ីរ៉ង់ ក្នុងការវាយប្រហារកំណត់គោលដៅច្បាស់លាស់មួយ លើទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យោធាអ៉ីស្រាអែល បាននិយាយដូច្នេះថា «កាលពីយប់ថ្ងៃចន្ទម្សិលមិញនេះ កងទ័ពអាកាសអ៉ីស្រាអែល បានធ្វើសកម្មភាពផ្អែកលើ​ព័ត៌មានចារកម្ម ដោយបានកំណត់គោលដៅ ហើយកម្ចាត់បុគ្គលឈ្មោះ Gholamreza Soleimani ដែលបានបម្រើជាមេបញ្ជាការរបស់​កងកម្លាំង Basij សម្រាប់រយៈពេល៦ឆ្នាំចុងក្រោយមកនេះ»

គួរបញ្ជាក់ថា ក្នុងថ្ងៃអង្គារនេះ ប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល បានរាយការណ៍ថា យោធាអ៉ីស្រាអែល ក៏បានកំណត់គោលដៅលើ ​ប្រធានក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់អ៉ីរ៉ង់ គឺលោក Ali Larijani ក្នុងការវាយប្រហារកាលពីវេលាយប់កន្លងទៅ ហើយក្រោយមក រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានទទួលស្គាល់ថា លោក Larijani ក៏ត្រូវបានសម្លាប់ផងដែរ៕