ប្រមុខការទូតអ៉ីស្រាអែល៖ អ៉ីស្រាអែលឈ្នះរួចទៅហើយក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ តែមិនទាន់សម្រេចគោលដៅ (Video inside)
18-03-2026 10:24
(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Gideon Saar បាននិយាយថាប្រទេសរបស់លោកបានឈ្នះក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ ប៉ុន្តែមិនបានបញ្ជាក់ថាតើ សង្រ្គាមនឹងបញ្ចប់នៅពេលណានោះទេ ដោយគ្រាន់តែនិយាយថាយុទ្ធនាការយោធានឹងបន្តធ្វើឡើងរហូតទាល់តែសម្រេចគោលដៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Gideon Saar ធ្វើការកត់សម្គាល់បែបនេះក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦។ តាមប្រមុខការទូតរូបនេះ អ៉ីស្រាអែលកំពុង ព្យាយាមលុបបំបាត់ការគំរាមកំហែងពីខាងក្រៅ តែមិនបានឱ្យដឹងថាតើរដ្ឋាភិបាលរបស់លោកនឹងកំណត់ថានៅពេលណា ទើបគោលដៅទាំងនោះត្រូវបានសម្រេច យ៉ាងដូចម្ដេចនោះទេ?
គួរបញ្ជាក់ថា លោក Saar និងក្រុមមន្ត្រីអ៉ីស្រាអែល ធ្លាប់បាននិយាយថាគោលដៅរបស់អ៉ីស្រាអែលក្នុងនោះរួមមានធ្វើឱ្យសមត្ថភាពដឹកនាំការវាយប្រហាររបស់អ៉ីរ៉ង់ ប្រឆាំងអ៉ីស្រាអែលចុះខ្សោយក្នុងរយៈពេលវែង ខណៈបង្កើតលក្ខខណ្ឌអំណោយផលមួយចំនួនដែលជំរុញឱ្យប្រជាជនអ៉ីរ៉ង់ងើបឡើងបះបោរផ្ដួលរំលំរបបដឹកនាំសព្វថ្ងៃ របស់ពួកគេ៕






